×

រឿង ““អ្វីគ្រប់យ៉ាង​នឹង​មិនអីទេ” ស្នាដៃ​របស់​ផលិតករខ្មែរ ប៉ាន់ រិទ្ធី ឈ្នះរង្វាន់​ពី​មហោស្រព​ភាពយន្ត​អន្តរជាតិ នៅ​ក្រុងប៊ែរឡាំង

អាល្លឺម៉ង់៖ ថ្មីៗនេះ ភាពយន្តរបស់លោក ប៉ាន់ រិទ្ធី ផលិតករខ្មែរ ក្រោមចំណងជើងថា “អ្វីគ្រប់យ៉ាងនឹងមិនអីទេ (Everything will be Ok)” ទទួលបានរង្វាន់ខ្លាឃ្មុំប្រាក់ សម្រាប់ស្នាដៃសិល្បៈ ក្នុងមហោស្រពភាពយន្តអន្តរជាតិ ទីក្រុងប៊ែរឡាំង លើកទី៧២ ដែលរៀបចំពីថ្ងៃទី១០ ដល់ទី២០ ខែកុម្ភៈ។

រឿង Everything will be Ok ជាភាពយន្តដែលផលិតករ បានប្រើប្រាស់ដីឥដ្ឋឆ្លាក់ចេញជាតួអង្គ និងសម្ភារួមផ្សំដទៃ ដើម្បីផ្គុំចេញជាសាច់រឿងនេះឡើង។ ខ្សែភាពយន្តកូនកាត់រវាងរឿងប្រឌិត និងរឿងមិនប្រឌិតនេះ បង្ហាញពីសាច់រឿងពីកសិដ្ឋានសត្វមួយ បានជួបជាមួយសត្វស្វាឪដើម្បីដាក់របបផ្តាច់ការនៃសតវត្សរ៍ទី២០ សម្រាប់មនុស្ស។

លោក Mang Sarith មកពីខេត្តព្រៃវែង បានឆ្លាក់រូបសត្វ និងមនុស្សដោយប្រើដីឥដ្ឋ។ ក្នុង ឆ្នាំ២០១៤ លោក បាន ឆ្លាក់ រូប ចម្លាក់ ដី ឥដ្ឋ ជាង ៥០០ សម្រាប់ រឿង «រូប បាត់ ខ្លួន The Missing Picture» ដែល ផលិត ដោយ លោក ប៉ាន់ រិទ្ធី។ ភាពយន្ត នេះ ត្រូវ បាន ជាប់ជាបេក្ខភាពពានរង្វាន់ អូស្ការ សម្រាប់ ភាពយន្ត ភាសាបរទេស ល្អ បំផុត ។

នេះ ជា ភាពយន្ត ទី ពីរ របស់ លោក ប៉ាន់ រិទ្ធី នៅមហោស្រពភាពយន្តទីក្រុងប៊ែរឡាំង។ ក្នុងឆ្នាំ២០២០ ភាពយន្តឯកសាររបស់គាត់ “Irradiés” (Irradiated) បានឈ្នះពានរង្វាន់ Berlinale Documentary Award ។ ពានរង្វាន់នេះ ផ្តល់ទឹកប្រាក់៤ម៉ឺនអឺរ៉ូ និងឧបត្ថម្ភដោយ Rundfunk Berlin-Brandenburg (rbb) ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង