×

ក្រសួង​វប្បធម៌ ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ និង​ណែនាំលោក គឹម ហ៊ាង ឱ្យបញ្ឈប់ នូវពាក្យសំដី​ដែល​គ្មាន​ការ​ទទួលខុសត្រូវ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតថ្កោលទោសលោក គឹម ហ៊ាង អ្នកជំនួញដីធ្លី និងចាត់ទុកការប្រើប្រាស់សំដីវាយប្រហារថា ខ្វះខាតចំណេះដឹងលើផ្នែកកិច្ច ការពារបេតិកភណ្ឌពិភពលោក និងដើម្បីតែផលចំណេញ នៃមុខជំនួញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថាថ្មីៗនេះ បណ្តាញសង្គមមួយចំនួនបានផ្សព្វផ្សាយនូវវីដេអូកាត់ខ្លីរយៈពេល៣នាទី ៤១វិនាទី របស់ លោក គឹម ហ៊ាង អ្នកជំនួញដីធ្លីមួយរូប ដែលលើកឡើងនូវទស្សនវិស័យរបស់ខ្លួន ទាក់ទងទៅនឹងការអភិរក្ស និងអភិវឌ្ឍ នៃតំបន់សៀមរាប អង្គរ និងវិធាននៃការការពារបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយប្រើប្រាស់សំដីវាយប្រហារ មិនមានការទទួលខុសត្រូវ និងគ្មានការសិក្សាស្រាវជ្រាវយល់ដឹងគ្រប់ជ្រុងជ្រោយ ខ្វះខាតចំណេះដឹងលើផ្នែកកិច្ច ការពារបេតិកភណ្ឌពិភពលោក ដោយសម្លឹងឃើញតែមួយជ្រុងទៅលើវិស័យអចលនទ្រព្យ ដើម្បីតែផលចំណេញ នៃមុខជំនួញខ្លួន ដោយបំភ្លេចចោលនូវតម្លៃនៃមរតកវប្បធម៌ជាតិ ក៏ដូចជាការជំរុញឱ្យមានចលនាទិញ លក់ដូរ អចលនទ្រព្យកាន់តែខ្លាំងក្លាឡើង ក្នុងតំបន់សៀមរាប អង្គរ ដែលអាចនាំដល់ការរីករាលដាលសំណង់អណាធិបតេយ្យក្នុងតំបន់រមណីយដ្ឋានការពារ និងតំបន់ជុំវិញនានា។

ក្រសួងបន្តថា ពាក្យសំដីនេះ បានធ្វើឱ្យប៉ះពាល់ទៅលើកិច្ចខិតខំ ប្រឹងប្រែងការពារ ថែរក្សា និងអភិរក្ស របស់ឥស្សរជនជាន់ខ្ពស់ថ្នាក់ជាតិ អន្តរជាតិ គ្រប់ជំនាន់ ជាពិសេសការខិតខំ របស់រាជរដ្ឋាភិបាល ដែលបានសហការជាមួយអង្គការយូណេស្កូ តាមរយៈការជំរុញ និងគាំពារឱ្យបង្កើតយន្តការ អន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ី ស៊ី-អង្គរ (ICC-អង្គរ) ដឹកនាំដោយសហប្រធានបារាំង និងជប៉ុន ដែលប្រមូលផ្តុំដោយអ្នកជំនាញការជាតិ អន្តរជាតិ ដែលមានអាយុកាលជាង ៣០ឆ្នាំ បានរួមគ្នាមកសង្គ្រោះ និងការពារអង្គរ ក្នុងនោះបានប្រើប្រាស់ថវិកាច្រើនជាង ៥០០លានដុល្លារ ព្រមទាំងជួយបណ្តុះបណ្តាលនូវធនធានមនុស្សជូនកម្ពុជាជាច្រើន ដើម្បីកិច្ចការពាររបេតិកភណ្ឌ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្កោលទោស និងណែនាំឱ្យបញ្ឈប់ជាបន្ទាន់ នូវពាក្យសំដីដែលគ្មានការទទួលខុសត្រូវ ដើម្បីបញ្ចៀសនូវការយល់ច្រឡំ និងជំរុញនូវការជួញដូរដីធ្លី ក្នុងតំបន់សៀមរាប អង្គរ ដែលនឹងអាចបង្កើតនូវចលាចលសង្គមជាយថាហេតុណាមួយ។

ក្រសួងបានរម្លឹកថា រមណីយដ្ឋាន អង្គរ ត្រូវបានបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ហើយកិច្ចខិតខំប្រឹងប្រែងនេះ រាប់ចាប់ពីការអំពាវនាវឱ្យសហគមន៍អន្តរជាតិ និង អង្គការយូណេស្កូ ជួយសង្គ្រោះអង្គរ នៅឆ្នាំ១៩៨៩ ដោយព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ រហូត ដល់ការខិតខំបង្កើតលិខិតបទដ្ឋានគតិយុត្ត និងស្ថាប័នជាតិមួយចំនួនទៀតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង