ភ្នំពេញ៖ លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយតបនឹងសំនួររបស់ស្ថានីយទូរទស្សន៍ស៊ីអិនស៊ី ដែលសួរថា មុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតិឱ្យកុមារដែលមានអាយុចាប់ពី ៣ឆ្នាំដល់ ៥ឆ្នាំអាចចាក់វ៉ាក់សាំងកូវីដ-១៩ បានដើម្បីដល់ទប់ស្កាត់ជំងឺកូវីដ១៩ ។ តើកុមារដែលមានវ័យ ៣ឆ្នាំ ទើបនឹងជាសះស្បើយពីជំងឺកូវីដ-១៩ រយៈពេលប៉ុន្មានទើបគាត់អាចទទួលការចាក់វ៉ាក់សាំងកូវីដ-១៩បាន?
ជាការឆ្លើយតបទៅនឹងសំនួរខាងលើនេះ លោកស្រីរដ្ឋលេខាធិការ បញ្ជាក់ថា «វាមិនមានភាពចាំបាច់អីដែលត្រូវប្រញាប់ប្រញាល់មកទទួលវ៉ាក់សាំងក្រោយពីជាសះស្បើយភ្លាមៗនោះទេ។ សម្រាប់កុមារ៣ឆ្នាំទៅក្រោម៥ឆ្នាំ ខ្ញុំមិនទាន់មានពេលពិភាក្សាស្រាវជ្រាវនៅឡើយទេណា»។
សូមបញ្ជាក់ថាមុននេះបន្តិចសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់ថា «ដូច្នេះយើងត្រូវចាំបាច់ចាក់ឱ្យកុមារដែលមានអាយុពី ៣ទៅដល់ ៥ឆ្នាំ។ ដោយឡែកអាយុ ៥ឆ្នាំឡើងលើយើងបានចាក់រួចហើយដោយជាបន្តទៅទៀតនេះ មានភាពចាំបាច់ដើម្បី និងការពារកុមាររបស់យើងកុំអោយឆ្លងនៅមេរោគកំប្លែងថ្មីអូមីក្រុងគឺកូវីត១៩»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងគ្មានជម្រើសណាក្រៅពីចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដូស ទី១ និងទី២ សម្រាប់កុមារអាយុក្រោម ៥ឆ្នាំ ដែលនៅទូទាំងប្រទេស យើងប៉ាន់ប្រមាណតួរលេខជំរឿនមានប្រមាណជា ៧០ ម៉ឺននាក់ »។ អាស្រ័យហេតុនេះ សម្ដេចតេជោ ហ៊ុនសែនក៏បានអំពាវនាវចំពោះមាតាបិតាអាណាព្យាបាលសូមនាំកូនចៅរបស់ខ្លួនទទួលវ៉ាក់សាំងនៅតាមទីកន្លែងដែលរៀបចំដោយការចាក់វ៉ាក់សាំងដោយផ្នែកសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន»៕
ដោយ គង់ វណ្ណៈ