កុកពាក់អំបោះ ត្រូវបានចាត់ចូលក្នុងបញ្ជីរក្រហមពិភពលោក IUCN ជាប្រភេទជិតរងការគម្រាមកំហែង ហើយចំនួនរបស់វានៅលើពិភពលោកកំពុងមានការធ្លាក់ចុះ។ បក្សីប្រភេទនេះ ត្រូវបានរកឃើញបន្តពូជជារៀងរាល់ឆ្នាំនៅដែនជម្រកសត្វព្រៃលំផាត់។
រដូវបន្តពូជរបស់បក្សី គឺចាប់បីខែ កក្កដា រហូតដល់ខែធ្នូ ហើយពួកវាចូលចិត្តធ្វើសំបុកលើដើមឈើធំៗ ដែលដុះនៅតាមមាត់ទន្លេ ឬអូរ។ នៅក្នុងរដូវបន្តពូជឆ្នាំ២០២១ នេះ សំបុកសត្វកុកពាក់អំបោះចំនួន ៩ សំបុកត្រូវបានកត់ត្រាបាននៅដែនជម្រកសត្វព្រៃលំផាត់ ដោយក្រុមការងាររបស់អង្គការ BirdLife International Cambodia Programme ។
សំបុកសត្វទាំងអស់ ត្រូវបានតាមដានពីការវិវឌ្ឍរបស់វា និងការពារពីការរំខាននានា។ ជាលទ្ធផល សំបុកចំនួន ៨ ត្រូវបានញាស់ដោយជោគជ័យ និងមានកូនសរុបចំនួន ១៥ក្បាល។ ទោះយ៉ាងណា សំបុកចំនួនមួយត្រូវបានបរាជ័យដោយការរំខានពីមនុស្ស។
នៅដែនជម្រកសត្វព្រៃលំផាត់ បានចាប់ផ្តើមកត់ត្រាសំបុករបស់កុកពាក់អំបោះលើកដំបូងនៅឆ្នាំ២០១៧ ហើយនៅពេលនោះកត់ត្រាបាន ៨ សំបុក និងកូនញាស់ជោគជ័យ ៥ក្បាល។ នៅឆ្នាំ២០២១នេះ កត់ត្រាបានចំនួន ៩សំបុក និងកូនញាស់ជោគជ័យចំនួន ១៥ក្បាល ដែលជាចំនួនខ្ពស់បំផុតបើប្រៀបធៀបនឹងរដូវបន្តពូជមុនៗ។
ប្រៀបធៀបលទ្ធផលពងកូនក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ចំនួនសំបុករកឃើញសរុបមានការកើនឡើងបន្តិចបន្តួច ហើយចំនួនសំបុកដែលជោគជ័យបានកើនឡើងពី៤សំបុកក្នុងឆ្នាំ២០១៧ទៅ៨សំបុកក្នុងឆ្នាំ២០២១។
សត្វកុកពាក់អំបោះកំពុងត្រូវបានគំរាមកំហែងដោយកត្តាមួយចំនួនដូចជា ការរំខានពីមនុស្ស ការបរបាញ់ និងការបាត់បង់ទីជម្រក៕