×

កប៉ាល់​ដឹក​រថយន្ត​ស៊េរី​ទំនើប ១១០០ គ្រឿង ឆេះ​នៅ​កណ្ដាល​សមុទ្រ

ព័រទុយហ្គាល់៖ កប៉ាល់ដឹកទំនិញដ៏ធំមួយគ្រឿង ដែលបានដឹករថយន្តរាប់ពាន់គ្រឿង រួមទាំងរថយន្ត Porsches ចំនួន ១១០០គ្រឿង ត្រូវបានឆេះ និងរសាត់ចេញពីឆ្នេរសមុទ្រ Azores កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ បន្ទាប់ពីសមាជិកនាវិក ២២ នាក់ ត្រូវបានជួយសង្គ្រោះចេញពីនាវា។

អគ្គីភ័យនេះ បានកើតឡើងកាលពីព្រឹកថ្ងៃពុធ នៅក្នុងបន្ទប់ផ្ទុកទំនិញរបស់កប៉ាល់ ដែលមានឈ្មោះថា Felicity Ace ដែលបានចាកចេញពីទីក្រុង Emden ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១០ ខែកុម្ភៈ ហើយគ្រោងនឹងមកដល់ទីក្រុង Davisville រដ្ឋ Rhode Island នៅថ្ងៃពុធ។

កប៉ាល់នេះ នៅចម្ងាយប្រហែល ៣២១ គីឡូម៉ែត្រពីកោះ Terceira ក្នុងទីក្រុង Azores ដែលជាទឹកដីកោះរបស់ប្រទេសព័រទុយហ្គាល់ នៅពេលដែលកងកម្លាំងព័រទុយហ្គាល់បានចេញអន្តរាគមន៍ កាលពីថ្ងៃពុធ ដើម្បីជម្លៀសនាវិក។

យោងតាមអាជ្ញាធរបានឱ្យដឹងថា មិនមានអ្នកជួយសង្គ្រោះ ឬសមាជិកនាវិកណាម្នាក់រងរបួសនៅក្នុងប្រតិបត្តិការនេះទេ។ គេបានប្រើប្រាស់ឧទ្ធម្ភាគចក្រដែលបានបញ្ជូនសមាជិកនាវិកទៅកាន់កោះ Faial របស់ព័រទុយហ្គាល់ ដែលនៅជិតនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង