×

នេះជាអ្វី​ដែល​អ្នកជំងឺកូវីដ១៩​កម្រិត​ស្រាល មធ្យម និងធ្ងន់ ត្រូវ​អនុវត្ត​អំឡុង​ពេល​ចត្តាឡីស័ក​ព្យាបាល​នៅផ្ទះ

ភ្នំពេញ៖ យោងតាមសេចក្ដីណែនាំបន្ថែមរបស់ក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ កម្រិតស្រាល មានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា អាចធ្វើការថែទាំព្យាបាលជំងឺដោយខ្លួនឯងនៅផ្ទះ ដោយប្រើឱសថព្យាបាលតាមរោគសញ្ញា តាមការចាំបាច់ និង/ឬប្រើឱសថប្រឆាំងវីរុស ដូចជាម៉ូលនូពីរ៉ាវា កាប់ស៊ុល 200មីលីក្រាម (Molrupiravir Capsules 200mg) ជាដើម ដោយគោរពនូវកម្រិតដូសប្រើប្រាស់ គឺលេបម្ដង ៤គ្រាប់ (កម្រិត ២០០ មីលីក្រាម ក្នុងមួយគ្រាប់ ) លេបរៀងរាល់ ១២ម៉ោងម្តង សម្រាប់រយៈពេល ៥ថ្ងៃ បន្តបន្ទាប់។ គួរប្រើ Molrupiravir ឱ្យបានឆាប់តាមដែល អាចធ្វើទៅបាន បន្ទាប់ពីការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ឃើញវិជ្ជមាន។ មិនត្រូវប្រើឱសថនេះ ក្នុងអំឡុងពេលមានផ្ទៃពោះ និងពុំត្រូវប្រើសម្រាប់មនុស្សអាយុក្រោម ១៨ឆ្នាំ និងស្ត្រីបំបៅដោះកូននោះទេ។

សេចក្ដីណែនាំបន្តថា អ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម ឬធ្ងន់ ត្រូវស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។ សូមកុំព្យាយាមព្យាបាលនៅផ្ទះ នៅពេលមានរោគសញ្ញាដូចជាថប់ៗ ហត់ ឬ ពិបាកដកដង្ហើម ឬមិនមានការវិវឌ្ឍប្រសើរឡើងនៃ ស្ថានភាពសុខភាព ក្រោយពីព្យាបាលនៅផ្ទះបានមួយរយៈពេល។

អ្នកជំងឺកូវីដ១៩ កម្រិតស្រាល មានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា ដែលធ្វើការព្យាបាលនៅតាមផ្ទះ ចាំបាច់ត្រូវធ្វើត ស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ នៅថ្ងៃទី៧ ប្រសិនបើគ្មានរោគសញ្ញារយៈពេល ៣ថ្ងៃចុងក្រោយ (ថ្ងៃទី៥, ៦ និង៧)។ ក្នុងករណី ទទួលបានលទ្ធផលតេស្ដរហ័សអវិជ្ជមាន អនុញ្ញាតឱ្យបញ្ចប់ការព្យាបាលដោយខ្លួនឯង។ ប្រសិនបើលទ្ធផលតេស្ដរហ័សវិជ្ជមាន ត្រូវធ្វើតេស្តរហ័សម្តងទៀតក្នុងគម្លាត ៤៨ម៉ោងពីគ្នា រហូតដល់ទទួលបានលទ្ធផលតស្តរហ័សអវិជ្ជមាន។ ចំពោះអ្នកដែលបានចាក់ វ៉ាក់សាំងពេញលេញ ពុំតម្រូវឱ្យធ្វើចត្តាឡីស័កក្រោយបញ្ចប់ការព្យាបាលឡើយ។ ចំពោះអ្នកដែលពុំបានចាក់វ៉ាក់សាំងពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ ក្រោយបញ្ចប់ការព្យាបាលជាចាំបាច់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង