សៀមរាប៖ ក្រោយពីបញ្ចប់ការងារច្រូតកាត់ ប្រមូលផលស្រូវរួចរាល់ហើយ ប្រជាជនក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែប្រារព្ធពិធីចាប់ត្រីសម្រាប់ពិធីឡើងមាឃ ឬឡើងអ្នកតា រៀងរាល់ខែមាឃ តាមទម្លាប់មិនដែលអាក់ខាន។ ពិធីចាប់ត្រីរួមគ្នានេះ ធ្វើឡើងនៅក្នុងបឹងបុរាណមួយដែលអ្នកភូមិអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នាក្នុងឱកាសធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ។
លោកមេភូមិ ពេជ្រ ឃិន បានឱ្យដឹងថា ពិធីចាប់ត្រីឡើងមាឃ ត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃ១កើត ខែមាឃ តែត្រូវពន្យារពេលមកដល់៥រោច ខែមាឃនេះវិញ មូលហេតុទឹកក្នុងបឹងច្រើន ថែមទាំងមានភ្លៀងកក់ខែថែមទៀត ដែលនាំឱ្យពិបាកក្នុងការចាប់ត្រីបន្តិច ដោយសារការនេសាទប្រើតែឧបករណ៍បុរាណសុទ្ធសាធ។ ឆ្នាំនេះត្រីក្នុងបឹងសម្បូរ ហើយប្រជាពលរដ្ឋមានការយល់ដឹង និងចូលរួមអភិរក្សកាន់តែបានល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។
ពិធីចាប់ត្រីនេះ គណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ម៉ោង៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញាផង។ ជំនួសការហ៊ុសម្រាស់នៅឆ្នាំនេះ គណៈកម្មការរៀបចំកម្មវិធី បានសម្រេចជីកស្រះមួយនៅក្នុងផ្ទៃបឹងដើម្បីទុកចាប់ត្រីរួមយកទៅធ្វើជាម្ហូបអាហារ និងធ្វើចង្ហាន់ជាដើមនៅក្នុងពីធីឡើងមាឃ។ ដោយឡែកត្រីដែលរកបានពីបឹងប្រជាពលរដ្ឋអាចយកទៅធ្វើជាម្ហូបលក្ខណៈគ្រួសារ។
បើតាមលោកមេភូមិបញ្ជាក់ថា រាល់ឆ្នាំត្រីចាប់រួមបានមិនក្រោមមួយរយគីឡូនោះឡើយ និងអនុញ្ញាតឱ្យតែអ្នកភូមិបង្កោងតែប៉ុណ្ណោះ។ ប៉ុន្ដែក្រោយពីអ្នកភូមិបង្កោងបានធ្វើពិធីចាប់ត្រីរួមគ្នារួចហើយទើបអ្នកភូមិផ្សេងអាចមានសិទ្ធិមករកត្រីនៅបឹងនេះនៅថ្ងៃបន្ទាប់បាន៕