×

រោគសញ្ញា​ទាំង៣ របស់​ជំងឺ​មហារីក​កើតលើ​កុមារ ប៉ាម៉ាក់​គួរដឹង

ពិតណាស់ កុមារក៏អាចកើតជំងឺមហារីកដូចទៅនឹងមនុស្សពេញវ័យដែរ ដូច្នេះហើយប៉ាម៉ាក់គប្បីតាមដាន និងសង្កេតមើលរោគសញ្ញាមិនប្រក្រតីមួយចំនួន មុនពេលដែលជំងឺដ៏កាចសាហាវមួយនេះ វិវត្តកាន់តែធ្ងន់ធ្ងរ។

ជាក់ស្ដែង ជំងឺមហារីកមិនមែនជាជំងឺតែមួយទេ ប៉ុន្តែវាជាចង្កោមនៃជំងឺដែលពាក់ព័ន្ធមួយចំនួន។ ជំងឺមហារីកកើតឡើងដោយសារតែការបែងចែកកោសិកាមិនធម្មតា និងពិបាកគ្រប់គ្រង ហើយវាអាចប៉ះពាល់ដល់កោសិកាក្បែរៗ ព្រមទាំងរាលដាលដល់ផ្នែករាងកាយផ្សេងទៀតតាមរយៈប្រព័ន្ធឈាម និងកូនកណ្ដុរ។

ជំងឺមហារីកទូទៅបំផុតកើតលើកុមារ
ប្រភេទជំងឺមហារីកទូទៅបំផុតមួយចំនួនដែលឧស្សាហ៍កើតលើកុមារមានដូចជាជំងឺមហារីកឈាម ដុំសាច់ខួរក្បាល មហារីកស្រទាប់រ៉េទីន មហារីកឆ្អឹង និងមហារីកពោះ ។ អ្នកជំនាញបានឱ្យដឹងថា ជំងឺមហារីកមួយចំនួនដែលកើតលើកុមារ អាចបណ្ដាលមកពីកត្តាហ្សែន ប៉ុន្តែមូលហេតុជាក់លាក់នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកលើកុមារ
ការដឹងពីសញ្ញា និងរោគសញ្ញានៃជំងឺមហារីកលើកុមារទាន់ពេលវេលា អាចជួយឱ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព។ ដូច្នេះហើយ ប៉ាម៉ាក់គប្បីសង្កេតមើលរោគសញ្ញាមួយចំនួនខាងក្រោមនេះ។

១. ស្លេកស្លាំង និងគ្មានកម្លាំងកំហែង

កម្រិតថាមពលថយចុះខ្លាំង អាចជារោគសញ្ញាព្រមានដំបូងនៃជំងឺមហារីកលើកុមារ។ ទោះបីជាមានជំងឺមហារីកជាច្រើនប្រភេទដែលអាចកើតចំពោះក្មេងយ៉ាងណាក្ដី ប៉ុន្តែរោគសញ្ញាមួយនេះគឺជារោគសញ្ញាទូទៅបំផុតនៃមហារីកទាំងនោះ។

២. ងាយមានស្នាមជាំ ឬចេញឈាម

ជាមួយគ្នានេះដែរ ជំងឺមហារីកលើកុមារដែលកើតញឹកញាប់បំផុត គឺជំងឺមហារីកឈាម ហើយក្មេងដែលមានជំងឺនេះ អាចចេញឈាមច្រើនជាងធម្មតានៅពេលដែលពួកគេមានរបួសតិចតួច ឬចេញឈាមច្រមុះ។ ហេតុនេះហើយ នៅពេលដែលកូនចេញឈាមច្រើនជាងធម្មតា ប៉ាម៉ាក់គួរតាមដានរោគសញ្ញានេះឱ្យបានដិតដល់ ក៏ដូចជាពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ។

៣. ឈឺក្បាលញឹកញាប់ និងមានក្អួត

ទន្ទឹមនឹងនេះ អាការៈឈឺក្បាលរ៉ាំរ៉ៃព្រមទាំងមានក្អួតផងនោះ អាចជារោគសញ្ញានៃជំងឺជាច្រើន ក៏ដូចជាបញ្ហាសុខភាពធ្ងន់ធ្ងរ។ មួយវិញទៀត វាក៏អាចបញ្ជាក់ថាកូនរបស់ប៉ាម៉ាក់អាចប្រឈមនឹងជំងឺមហារីកដូចគ្នា។ ដូចនេះ ប៉ាម៉ាក់គួរនាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់ ប្រសិនបើសង្កេតឃើញរោគសញ្ញាមិនប្រក្រតីណាមួយ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង