×

កម្ពុជា ចុះត្រជាក់​បន្តិច​នៅក្នុង​សប្ដាហ៍នេះ ដោយសារ​ឥទ្ធិពល​ទ្រនុង​សម្ពាធខ្ពស់​ពីជើង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ បានជូនដំណឹងពីការព្យាករអាកាសធាតុចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។ ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលទនុងសម្ពាធខ្ពស់ពី ជើង (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ១៨-២៥ °C សីតុណ្ហភាពអតិបរមា មានពី ២៦-៣២ °C ថ្ងៃទី២៣-២៤ ខែកុម្ភៈ នៅវេលាព្រឹក បណ្តាខេត្តមួយចំនួនមានជាអាទិ៍ ៖ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប សីតុណ្ហភាពអាចចុះត្រជាក់ក្នុងកម្រិតពី ១៨-២០ °C ។ – រីឯសភាពការណ៍ភ្លៀងនៅក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ អាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ ។

បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ១៧-២៣ °C សីតុណ្ហភាពអតិបរមា មានពី ២៥-៣១ °C ថ្ងៃទី២៣-២៤ ខែកុម្ភៈ នៅវេលាព្រឹក បណ្តាខេត្តមួយចំនួនមានជាអាទិ៍ ៖ ឧត្ដរមានជ័យ ព្រះវិហារ រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអាចចុះត្រជាក់ក្នុងកម្រិតពី១៧-១៩ °C និងអាចមានខ្យល់ក្នុងល្បឿនពី ១០-១៥ m/s ។ រីឯសភាពការណ៍ភ្លៀងនៅក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ អាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ។ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C សីតុណ្ហភាពអតិបរមា មានពី ២៦-៣២ ºC នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង