×

ប្រយ័ត្ន​ខាតបង់​ប្រាក់ទទេ! នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ព្រមាន​ពី​ការបោកបញ្ឆោត​ថ្មី

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះសារព័ត៌មាន Channel News Asia បានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជាមួយនឹងការបោកបញ្ឆោតតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មក្លែងក្លាយជាមួយនឹងកម្មវិធីស្វែងរក Google។ ជាមួយនឹងការបោកបញ្ឆោតនេះ ជនខិលខូចបានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មបន្លំធ្វើជាធនាគារជាមួយនឹងកម្មវិធីស្វែងរក Google ដើម្បីឱ្យតំណភ្ជាប់ និងលេខទូរសព្ទរបស់ពួកគេត្រូវបានបង្ហាញមុនគេ នៅពេលដែលជនរងគ្រោះធ្វើការស្វែងរកព័ត៌មានបន្ថែមរបស់ធនាគារ។

ជាឧទាហរណ៍ កាលពីខែធ្នូកន្លងទៅ ជនរងគ្រោះម្នាក់បានធ្វើការទំនាក់ទំនងទៅធនាគារតាមរយៈទូរសព្ទដែលគាត់ទទួលបានពីការស្វែងរកនៅក្នុងកម្មវិធី Google ដោយសារតែគាត់មានបញ្ហាមួយចំនួនជាមួយនឹងគណនី។ ជនខិលខូចបានបន្លំខ្លួនធ្វើជាបុគ្គលិករបស់ធនាគារ ហើយបានប្រើវិធីសាស្ត្រផ្សេងៗឱ្យជនរងគ្រោះមានការជឿទុកចិត្ត និងយល់ព្រម បង្កើតគណនីថ្មីមួយទៀតដើម្បីផ្ទេរលុយចូលទៅក្នុងគណនីនោះ ប៉ុន្តែតាមការពិតលុយទាំងនោះត្រូវបានផ្ទេរចូលទៅក្នុងគណនីរបស់ពួកគេទៅវិញ។

គួរបញ្ជាក់ផងដែរថា ការបោកបញ្ឆោតតាមរយៈការផ្ញើសារក៏មានការរីករាលដាលខ្លាំងដែរនៅក្នុងប្រទេសសិង្ហបុរី ដែលធ្វើឱ្យអាជ្ញាធរសិង្ហបុរីគំរាមចាត់វិធានការលើធនាគារ ណាដែលមិនបានចាត់វិធានការឱ្យបានទាន់ពេលវេលាទាក់ទងនឹងការបោកបញ្ឆោតតាមរយៈការផ្ញើរសារ កាលពីចុងឆ្នាំ២០២១។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ដើម្បីចៀសវាងការខាតបង់លុយកាក់ លោកអ្នកគួរតែមានការប្រុងប្រយ័ត្ននៅពេលធ្វើការទំនាក់ទំនងទៅធនាគារ។ លោកអ្នកគួរតែធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬអាសយដ្ឋានរបស់គេហទំព័រដែលមាននៅខាងក្រោយកាតរបស់ធនាគារ ឬឯកសារផ្សេងៗទៀតដែលទទួលបានផ្ទាល់ពីធនាគារ។ ម្យ៉ាងវិញទៀតលោកអ្នកត្រូវតែមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារទាក់ទងទៅនឹងបញ្ហាជាមួយគណនីធនាគារ ឬសារដែលទាមទារឱ្យលោកអ្នកផ្ដល់នូវលេខកូដសម្ងាត់ OTP។ ប្រសិនបើលោកអ្នកទទួលបានសារទាំងនោះ លោកអ្នកគួរតែធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទរបស់ធនាគារផ្ទាល់ ជាងនេះទៅទៀតសូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងសារ ឬអ៊ីមែល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង