×

ទារិកា​អាយុ១១ខែ​បានស្លា ប់ ក្រោយ​តេស្ត​រកឃើញ​វិជ្ជមាន​កូវីដ១៩​នៅ​ក្រុងហុងកុង

ហុងកុង៖ ទារិកាអាយុ ១១ខែដែលបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ បានស្លាប់នៅក្នុងទីក្រុងហុងកុង ដែលជាករណីស្លាប់នៅវ័យក្មេងបំផុត បណ្តាលមកពីវីរុសនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ប្រធានមន្ទីរពេទ្យ បាននិយាយថា ទារិកានោះត្រូវបានបញ្ជូនទៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ Tseung Kwan O នៅព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុន ខណៈនាង មានអាការប្រកាច់។ នាង ត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ១៩នៅមន្ទីរពេទ្យ។ ក្រុមគ្រូពេទ្យ បានបំពាក់បំពង់ខ្យល់ជំនួយដង្ហើម មុននឹងត្រូវបានផ្ទេរទៅបន្ទប់ថែទាំកុមាររបស់មន្ទីរពេទ្យឈ្មោះ Queen Elizabeth។

ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពរបស់នាងកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស ហើយនាងបានគាំងបេះដូង នៅពេលថ្ងៃត្រង់ ថ្ងៃសៅរ៍។ នាងបានទទួលមរណភាព នៅម៉ោង ៦ និង ៥៩ នាទីល្ងាចថ្ងៃអាទិត្យ។

ប្រធានមន្ទីរពេទ្យដដែល បានបន្ថែមថា សមាជិកគ្រួសាររបស់នាងមួយចំនួន រួមទាំងអ្នកមើលថែ ឪពុកម្តាយ បងប្រុសអាយុ ៨ឆ្នាំ បងស្រីភ្លោះ និងជីដូន បានធ្វើតេស្ដរកឃើញ វិជ្ជមានកូវីដ១៩ផងដែរ។

ការស្លាប់របស់ទារិកានេះ គឺជាករណីស្លាប់ទី៣របស់ទារក ដែលជាប់ពាក់ព័ន្ធ ឬសង្ស័យថាជាប់ទាក់ទងនឹងកូវីដ១៩ ក្នុងរយៈពេល ១០ថ្ងៃនៅទីក្រុងហុងកុង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង