អត្ថបទ៖ លោក ហ៊ន សុភ័ក្រ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេរោគកូវីដ អូមីក្រុង កំពុងឆ្លងខ្លាំងលើកុមារ សូមឪពុកម្តាយក៉ំធ្វេសប្រហែសឱ្យសោះ។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯករាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេរោគកូវីដ ប្រភេទអូមីក្រុង បានចម្លងទៅកាន់កុមារប្រមាណ ២៥ភាគរយហើយ សូមក៉ំធ្វេសប្រហែសឱ្យសោះ សូមទៅទទួលវ៉ាកសាំង។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនស្មារតីពលរដ្ឋថា «សូមក៉ំគិតថា យើងចាក់វ៉ាក់សាំង៤ដងហើយ មិនឆ្លងកូវីដ »។
សូមរំលឹកថា តាមរយៈសារជាសំឡេងនៅល្ងាចថ្ងៃទី ១៧ខែកុម្ភៈឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «មូលហេតុ នៃការសម្រេចចាក់ឱ្យកុមារពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ដោយសារតែសង្កេតឃើញថា «ចាប់ពីអូមីក្រុមបានទន្ទ្រាននៅក្នុងប្រទេសរបស់យើងចំនួនកុមារមានអាយុក្រោម ៥ឆ្នាំមានប្រមាណជាង ២៥ភាគរយ ដែលឆ្លង នៃជំងឺនេះ» សម្ដេចក៏បានបញ្ជាក់ថា «និយាយដោយត្រង់ សូម្បីតែចៅទី ២១របស់ខ្ញុំព្រះករុណាខ្ញុំដែលទើបតែមានអាយុមិនដល់ពីរខួប ក៏ទទួលការឆ្លងផងដែរ»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងគ្មានជម្រើសណាក្រៅពីចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដូស ទី១ និងទី២ សម្រាប់កុមារអាយុក្រោម ៥ឆ្នាំ ដែលនៅទូទាំងប្រទេស យើងប៉ានប្រមាណតួលេខជំរឿនមានប្រមាណជា ៧០ ម៉ឺននាក់ »។ អាស្រ័យហេតុនេះ សម្ដេចតេជោ ហ៊ុនសែន ក៏បានអំពាវនាវចំពោះមាតាបិតាអាណាព្យាបាលសូមនាំកូនចៅរបស់ខ្លួនទទួលវ៉ាក់សាំងនៅតាមទីកន្លែងដែលរៀបចំដោយការចាក់វ៉ាក់សាំងដោយផ្នែកសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន»។ វ៉ាក់សាំង គឺជាជម្រើសដ៏ល្អបំផុតដើម្បីធានាថា ពួកគេគឺទទួលបានភាពស៊ាំ មិនបង្កទៅដល់ភាពធ្ងន់ធ្ងររហូតដល់អន្តរាយអាយុជីវិតផងដែរ៕