អត្ថបទ៖ គិន ច័ន្ទពុទ្ធិ
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយដល់អង្គការសកម្មភាពកម្ចាត់មីនជប៉ុន សម្រាប់អនុវត្តគម្រោងចំនួន ២ លើថវិកាសរុបចំនួន ១,៧៩៩,១៦៦ ដុល្លារអាមេរិក ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងការសម្អាតមីននៅកម្ពុជា។
ថ្លែងក្នុងពិធីចុះហត្ថលេខានៅស្ថានទូតជប៉ុន នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ថវិកាទាំងនេះគឺអនុវត្តលើគម្រោងទី១ គឺកាតគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសម្អាតគ្រាប់បែបចង្កោម នៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS (ឆ្នាំទី២) (ថវិកាជំនួយ ៩០០,៧៨៧ ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)។
លោកថា នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន ៤៧០ហិចតា ព្រមទាំងផ្ទេរវិធីសាស្ត្រដែលមានប្រសិទ្ធភាព និងសុវត្ថិភាព ក្នុងការបោសសម្អាត គ្រាប់បែកចង្កោម ទៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)។ គម្រោងនេះ ក៏នឹងផ្តល់ការ អប់រំអំពីការជៀសវាងពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ លើសពីនេះ អ្នកជំនាញកសិកម្មនឹងបណ្ដុះបណ្ដាលកសិករអំពីការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម ។ ចំណែកគម្រោងទី២ គឺការគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសម្អាតមីននៅខេត្ត បន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី២) (ថវិកាចំនួន ៨៩៨,៣៧៩ ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ អង្គការ.JMAS។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបន្តថា នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់មីន និងយុទ្ធភណ្ឌមិន ទាន់ផ្ទុះចំនួន ២៥០ ហិកតា ព្រមទាំងផ្ទេរវិធីសាស្ត្រដែលមានប្រសិទ្ធភាព និងសុវត្ថិភាព ក្នុងការ បោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះ ទៅអង្គការ CMAC។ គម្រោងនេះ ក៏នឹងផ្តល់ការ អប់រំអំពីការជៀសវាងពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ មិនតែប៉ុណ្ណោះ អង្គការនឹងគាំទ្រកសិករតាមរយៈការបង្រៀនបច្ចេកទេសដាំដុះស្រូវ និងការបង្កើតកសិដ្ឋានគំរូនៅលើ ទីតាំងដីដែលបោសសម្អាតមីនរួចរាល់។
សូមជម្រាបថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេស កម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំ ប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាង ៤៦.៦ លានដុល្លារអាមេរិក ដល់ គម្រោងចំនួន ១៤៣ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕