សៀងហៃ៖ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ បានជិះកង់ ២០០គីឡូម៉ែត្រ ចេញពីផ្ទះទៅទីក្រុងសៀងហៃក្រោយទាស់សម្តីជាមួយម្តាយរឿងធ្វើកិច្ចការសាលា។ ក្មេងប្រុសមានឈ្មោះ Yan បានប្រាប់ឱ្យដឹងថា ខ្លួនមកពីខេត្ត Jiangsu ភាគខាងកើតប្រទេសចិន បានរត់ចេញពីផ្ទះរយៈពេល៥ថ្ងៃហើយដោយមានប្រាក់ក្នុងខ្លួនតែ៨ដុល្លារប៉ុណ្ណោះ។
រយៈពេលដែលចេញពីផ្ទះនោះ គឺមានអ្នកដំណើរតាមផ្លូវជួយផ្តល់ប្រាក់ និងចំណីអាហារឱ្យខ្លះៗផងដែរ។ គួរបញ្ជាក់ដែរថា បន្ទាប់ពីរកឃើញក្មេងប្រុសរូបនេះហើយ ប៉ូលិសសៀងហៃក៏បានទាក់ទងទៅម្តាយគេឱ្យមកទទួល ពេលទៅដល់ស្ត្រីជាម្តាយបាននិយាយថា រូបគាត់ពិតជាស្តាយក្រោយណាស់ដែលបានស្រែកដាក់កូន។ ទោះជាយ៉ាងណា អ្វីៗអ្នកទាំង២បានសម្រួលគ្នាដោយសន្តិវិធីហើយ និងនាំគ្នាត្រលប់ទៅផ្ទះវិញជាមួយគ្នាផងដែរ៕