×

តម្លៃប្រេង​បានកើនឡើង ២ភាគរយ ខណៈពេល​ប្រទេស​រុស្ស៊ី​ឈ្លានពាន​លើអ៊ុយក្រែន

ប៉េកាំង៖ តម្លៃប្រេងមានការកើនឡើងជិត២ដុល្លាអាមេរិកក្នុងមួយបារ៉ែល នៅក្នុងការជួញដូរដំបូងនៅថ្ងៃសុក្រនេះ ស្របពេលការឈ្លានរបស់រុស្សីលើប្រទេសអ៊ុយក្រែន នៅតែបន្តបង្កឱ្យមានក្តីបារម្ភដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល ខណៈទីផ្សារកំពុងទប់ទល់ទៅនឹងផលប៉ះពាល់នៃទណ្ឌកម្មពាណិជ្ជកម្មលើប្រទេសរុស្ស៊ី ដែលជាអ្នកនាំចេញប្រេងឆៅដ៏សំខាន់របស់ពិភពលោក។ នេះបើតាមការចេញផ្សាយរបស់ Reuters។

សម្រាប់តម្លៃប្រេងឆៅរបស់ក្រុមហ៊ុន Brent (ប្រេន) មានការកើនឡើង១,៩៩ដុល្លារឬស្មើនឹង២ភាគរយ ដែលមានតម្លៃ ១០១,០៧ដុល្លារអាមេរិកក្នុងមួយធុង នៅម៉ោង ១៖៥៥នាទី ម៉ោងនៅអឺរ៉ុប (៨៖៥៥នាទីនៅកម្ពុជា) នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ខណៈតម្លៃប្រេងឆៅរបស់អាមេរិក WTI មានការហក់ឡើង ១,៨៩ដុល្លារ ឬស្មើនឹង២ភាគរយ ដែលមានតម្លៃ៩៤,៧០ដុល្លារអាមេរិកក្នុងមួយធុង។

ការវាយប្រហាររបស់រុស្សីលើប្រទេសអ៊ុយក្រែន បានបណ្តាលឱ្យតម្លៃប្រេងមានការកើនឡើងលើសពី១០០ដុល្លារអាមេរិកក្នុងមួយធុងជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍ពីម្សិលមិញនេះ ចាប់តាំងពីឆ្នាំ២០១៤ ដោយតម្លៃប្រេងរបស់ក្រុមហ៊ុន Brent (ប្រេន) បានហក់ឡើងដល់ទៅ ១០៥ដុល្លារអាមេរិកក្នុងមួយធុងមុននឹងបែងចែកប្រាក់ចំណេញដោយការបិទពាណិជ្ជកម្ម។

ដោយយោងទៅតាមអ្នកវិភាគរបស់ធនាគារខមម៉ន់វេល (Commonwealth) លោក វីវេក ដា (Vivek Dhar) បានធ្វើសំណើរនៅក្នុងកំណត់ត្រាមួយថា ទីផ្សារប្រេងងាយនឹងរងគ្រោះណាស់ ជាពិសេសក្នុងការផ្គត់ផ្គង់ដែលកំពុងរងភាពរង្គោះរង្គើដោយសារស្តុកប្រេងសកលមានកម្រិតទាបក្នុងរយៈពេលប្រាំពីរឆ្នាំមកនេះ។

គួរបន្ថែមផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានដាក់បន្ទុកដល់ប្រទេសរុស្សីនូវរលកទណ្ឌកម្មយ៉ាងធ្ងន់ៗកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទីក្រុងមូស្គូបានឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន ដើម្បីជាវិធានការបង្អាក់សមត្ថភាពរបស់រុស្ស៊ីក្នុងការធ្វើអាជីវកម្មជារូបិយប័ណ្ណសំខាន់ៗ រួមជាមួយនឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងធនាគារ និងសហគ្រាសរដ្ឋរបស់រុស្សី៕

ប្រែសម្រួល៖ ជុំនិត

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង