ចិន៖ Liu Xuezhou វ័យ១៧ឆ្នាំដែលសារព័ត៌មានធ្លាប់បានចុះផ្សាយពីទុក្ខលំបាករបស់យុវជនរូបនេះកន្លងមក ដោយសារឪពុកម្តាយបង្កើតបានលក់គេឱ្យទៅអ្នកដទៃតាំងពីទើបកើតម្ល៉េះ លុះដល់ធំពេញវ័យមក Xuezhou បានតាមរកឪពុកម្តាយដើម្បីសុំពួកគេនៅជាមួយ ប៉ុន្តែបែរឪពុកម្តាយបង្កើតទាំង២ដែលបានលែងលះគ្នា និងមានគ្រួសារថ្មីរៀងខ្លួននោះ បានបដិសេធមិនចិញ្ចឹមកូនរបស់ខ្លួនឡើយ។
បើទោះជាទទួលបានការមើលថែបានយ៉ាងល្អពីឪពុកម្តាយចិញ្ចឹមយ៉ាងណាក៏ដោយ ក៏ Xuezhou នៅមានជំងឺបាក់ទឹកចិត្តរហូតដល់ប្រើប្រាស់ថ្នាំដើម្បីព្យាបាលទៀតផង។ សូមរំឭកថា Xuezhou ត្រូវបានឪពុកម្តាយបង្កើតរបស់ខ្លួនបដិសេធមិនទទួលចិញ្ចឹមជាលើកទី២កាលពីចុងខែធ្នូ ឆ្នាំ២០២១។ មិនយូរប៉ុន្មាន ក៏ទទួលដំណឹងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ថាយុវជនរូបនេះ បានទទួលមរណភាពដោយប៉ូលិសប្រទះឃើញដបស្រា និងថ្នាំងងុយគេងនៅក្បែរខ្លួន ដែលសពរកឃើញនៅមាត់សមុទ្រ។
យ៉ាងណាមិញ ការស្លាប់របស់ Xuezhou ត្រូវបានគ្រប់គ្នាយល់ថា ដោយសារជំងឺបាក់ទឹកចិត្ត ប៉ុន្តែបែរជាពេលថ្មីៗនេះ ម្តាយមីងចិញ្ចឹមរបស់ Xuezhou បានទាក់ទងទៅប៉ូលិសឱ្យសើរើការស្លាប់របស់ Xuezhou ឡើងវិញ បន្ទាប់ពីមិត្តភក្តិរបស់យុវជនរូបនេះ បានបង្ហោះពាក្យសន្ទនាកាលពីថ្ងៃទី១១ ខែមករាថា រូបគេនឹងមិនសម្លាប់ខ្លួនឡើយ ប្រសិនថ្ងៃណាមួយគេស្លាប់ នោះបានន័យថាជាអំពើឃាតកម្ម។
គួរបញ្ជាក់ដែរថា ប្រសិនការស្លាប់របស់ Xuezhou ជាករណីឃាតកម្មពិតមែន ឃាតកនឹងត្រូវជាប់ពន្ធនាគារ១០ឆ្នាំ នេះបើយោងតាមច្បាប់ប្រទេសចិន ពេលនេះប៉ូលិសកំពុងធ្វើការស៊ើបអង្កេតរឿងក្តីនេះសាជាថ្មីផងដែរ៕