
តៃវ៉ាន់៖ មួយរយៈនេះ សិល្បករល្បីៗបានសម្រេចចិត្តលែងលះគ្នាជាហូហែ ដោយកាលពីពេលថ្មីៗនេះ តារាសម្តែង Angela Baby និង Huang Xiaoming ទើបតែប្រកាសបញ្ចប់ចំណងអាពាហ៍ពិពាហ៍នឹងគ្នា បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល ៧ឆ្នាំ។

រហូតមកដល់រសៀលថ្ងៃទី២៥ ខែកុម្ភៈនេះផងដែរ គូស្នេហ៍ដែលជាតារាសម្តែងល្បីឈ្មោះមួយគូទៀតហើយគឺតួឯកស្រី Liu Shishi និង Nicky Wu កំពុងតែផ្ទុះព័ត៌មានថា អ្នកទាំងពីរ កំពុងចាត់ចែងរឿងលែងលះគ្នាផងដែរ។
រឿងចចាមអារ៉ាមនេះត្រូវបាន Blogger ម្នាក់ចេញវីដេអូឱ្យដឹងថា រវាងតារាសម្តែងទាំងពីរនេះ កំពុងចាត់ចែករឿងលែងលះគ្នា ប្រសិនដំណើរការទៅដោយរលូន នោះអ្នកទាំងពីរ នឹងប្រកាសដំណឹងមួយនេះនៅខែក្រោយ ។

តារាសម្តែងប្រុសលោក Nicky ត្រូវបានប្រទះឃើញមានភាពល្អូកល្អឺនជាមួយនឹងជំនួយការស្រីរបស់លោកលួចលាក់ក្រោយខ្នងប្រពន្ធ ដែលជាហេតុចំណងអាពាហ៍ពិពាហ៍ឈានដល់ផ្លូវបែកបែបនេះ។
ពាក្យលេចឮមួយនេះមិនទាន់មានការចេញមុខបញ្ជាក់ពីសមីខ្លួននៅឡើយ ទោះជាយ៉ាងណាអ្នកគាំទ្រសង្ឃឹមថា នេះគ្រាន់តែជាពាក្យចចាមអារ៉ាមទៅចុះ ដោយសង្ឃឹមថាចំណងអាពាហ៍ពិពាហ៍រយៈពេល៦ឆ្នាំរបស់តារាសម្តែងទាំងពីរ នឹងនៅតែបន្តស្រលាញ់គ្នាជារៀងរហូតផងដែរ៕
