
វៀតណាម៖ ទីក្រុងហូជីមិញ បានអំពាវនាវដល់ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំស្តីពីការចេញវេជ្ជបញ្ជា និងចែកចាយថ្នាំគ្រាប់ Molnupiravir ដល់អ្នកជំងឺកូវីដ១៩ ដែលកំពុងព្យាបាលនៅតាមផ្ទះ។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ប្រធានមន្ទីរសុខាភិបាលទីក្រុងនេះ បាននិយាយថា ដោយសារថ្នាំ Molnupiravir គឺជាថ្នាំប្រឆាំងមេរោគកូវីដ១៩ អ្នកជំងឺត្រូវការវេជ្ជបញ្ជាពីវេជ្ជបណ្ឌិតដើម្បីប្រើប្រាស់ ហើយគ្រូពេទ្យត្រូវតែទទួលខុសត្រូវក្នុងការចេញវេជ្ជបញ្ជា។

មន្ទីរសុខាភិបាលក្រុងហូជីមិញ បន្តថា ខ្លួននឹងត្រួតពិនិត្យការលក់ ថ្នាំ Molnupiravir និងត្រួតពិនិត្យវិក្កយបត្រនៅតាមឱសថស្ថាន។ ឱសថស្ថានឯកជន ជាង ២.៥០០ កំពុងធ្វើការជាមួយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងគ្លីនិកចល័ត ដើម្បីគាំទ្រការព្យាបាលកូវីដ១៩ នៅផ្ទះ។ ពួកគេកំពុងផ្តល់ឧបករណ៍ធ្វើតេស្តរហ័ស ឧបករណ៍វាស់ជីពចរ និងថ្នាំប្រឆាំងមេរោគក្នុងតម្លៃសមរម្យ៕



ប្រភព៖ Vietnam News