×

ការស្ថាបនា​និង​ពង្រី​ក​ផ្លូវជាតិលេខ៤ ធ្វើចេញ​ពី​បែកចាន​ដល់​ឃុំបិតត្រាំង​ស្រុកព្រៃនប់ បញ្ចប់​នៅឆ្នាំ២០២៦

ព្រះសីហនុ៖ ការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ នឹងចាប់ផ្តើមធ្វើពី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រហូតដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួងបានបញ្ជាក់ថា គម្រោងស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤នេះ រួមមានការងារពង្រីកផ្លូវកៅស៊ូបច្ចុប្បន្នពីទទឹង ៧ម៉ែត្រ ទៅទទឹង ១០ម៉ែត្រ, ពង្រីកស្ពានបេតុង និងលូ ចំនួន ៤៦ទីតាំង និងស្ថាបនាស្ពានថ្មីចំនួន ៨ទីតាំង ដើម្បីធានាដល់ការធ្វើចរាចរណ៍គ្រប់រដូវកាល ដែលឆ្នាំខ្លះត្រូវទឹកភ្លៀងជន់លិច។

ក្រសួងបានឱ្យដឹងថា ដំណើរការសាងសង់គ្រោងបញ្ចប់នៅធ្នូ ឆ្នាំ២០២៦។ គម្រោងស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤នេះ ប្រើប្រាស់ថវិកាកម្ចីសម្បទានពីធនាគារពិភពលោក។

ជាមួយនឹងដំណើរការគម្រោងស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំការយោគយល់ និងអធ្យាស្រ័យពីអ្នកធ្វើដំណើរ និងអ្នករស់នៅអមសងខាងផ្លូវ ដែលរងការរំខានពីដំណើរការគម្រោងនេះ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៤ មានប្រវែងប្រមាណ ២៣០គីឡូម៉ែត្រ។ ផ្លូវជាតិមួយខ្សែនេះ ត្រូវបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ១៩៥០ ជាមរតកនៃចំណងទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង