កម្សាន្ត៖ Jung Ho Yeon ដែលត្រូវបានគ្រប់គ្នាស្គាល់ថា ជាតារាស្រីមួយរូបដែលមានប្រភពជាអ្នកដើរម៉ូតដែលកម្មវិធីលំដាប់អន្តរជាតិរបស់ម៉ាកយីហោល្បីៗជាច្រើនកន្លងមក តែងមានវត្តមានតារាស្រីរូបនេះលើឆាកជានិច្ច។
ទោះជាយ៉ាងណា រយៈពេលជាច្រើនឆ្នាំដែលនាងបានចំណាយលើវិស័យដើរម៉ូតនេះ មិនសូវមានអ្នកចាប់អារម្មណ៍ប៉ុន្មានឡើយ ប៉ុន្តែក្រោយមកនាងក៏ទទួលបានឱកាសសម្តែងក្នុងរឿង Squid Game ដែលជាការសម្តែងលើកដំបូងផងនោះ បានធ្វើឱ្យ Jung Ho Yeon មានអ្នកស្គាល់ច្រើនស្ទុះឡើងខ្លាំងស្ទើរមិនគួរឱ្យជឿ។
មនុស្សជាច្រើនចាប់ផ្តើមស្គាល់ និងនាំគ្នា Follow នាងលើ IG ហូហែរ។ ឥទ្ធិពល Squid Game បានធ្វើឱ្យកេរ្តិ៍ឈ្មោះតារាស្រីវ័យក្មេងរូបនេះផ្លាស់ប្តូរ ៣៦០ដឺក្រេត្រឹមមួយប៉ប្រិចភ្នែក មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃទី២៨ ខែកុម្ភៈ ម្សិលមិញនេះ Jung Ho Yeon ថែមទាំងដណ្តើមបានពានរង្វាន់ជាតារាស្រីឆ្នើមក្នុងរឿង Squid Game ក្នុងកម្មវិធីប្រគល់ពានរង្វាន់ SAG បានធ្វើឡើងនៅសហរដ្ឋអាមេរិកទៀតផង។
សមិទ្ធផលមួយនេះបានធ្វើឱ្យ Jung Ho Yeon រំភើបរហូតដល់ស្រក់ទឹកភ្នែកកណ្តាលកម្មវិធី ដែលវាពិតជាមានន័យធំធេងបំផុតចំពោះរឿងដំបូងរបស់នាង ថែមទាំងអាចឈ្នះបានពានរង្វាន់បែបនេះ។ ចំណែកឯតួប្រុសវិញ ពានរង្វាន់បានទៅលើលោក Lee Young Jae ដែលកម្មវិធីម្សិលមិញនេះធ្វើឱ្យតារាប្រុសស្រីទាំង២ញញឹមបិទមាត់មិនជិតព្រោះក្តីរំភើបរកអ្វីប្រៀបផ្ទឺមពុំបាន៕