ថៃ៖ ការស្លាប់របស់តារាសម្តែងស្រី Tangmo បានធ្វើឱ្យកក្រើកខ្លាំង ខណៈគ្រប់គ្នានៅតែអះអាងថាការស្លាប់របស់នាងជារឿងឃាតកម្ម ដែលពេលនេះប៉ូលិសនៅតាមស៊ើបរឿងមួយនេះនៅឡើយ។ Tangmo បានជាប់ឈ្មោះជាតារាស្រីមួយរូបដែលអភ័ព្វបំផុត បើរំឭកទៅកាលនាងមិនទាន់ស្លាប់ នាងបានជួបបញ្ហាជាច្រើនមិនចេះចប់ មានទាំងគ្រោះថ្នាក់ចរាចរណ៍រហូតខូចសម្រស់ មានជំងឺបាក់ទឹកចិត្ត ស្នេហាមិនសមបំណងរហូតធ្លាប់សម្លាប់ខ្លួន និងមានមិត្តដែលមានចិត្តជាផ្លែល្វារទៀតផង។
មិនត្រឹមតែប៉ុណ្ណោះថែមទាំងជាប់គាំងនឹងបំណុលជាច្រើនដោយសារត្រូវការប្រាក់មើលជំងឺឪពុកដែលមានជំងឺមហារីក ប៉ុន្តែចុងក្រោយឪពុករបស់តារាស្រីរូបនេះ នៅតែមិនអាចសង្គ្រោះបាន និងបន្សល់បំណុលជាច្រើនដែលនាងត្រូវរ៉ាប់រងតែម្នាក់ឯង។ ដូចនេះក្រៅពីអាជីពសិល្បៈហើយ Tangmo ត្រូវឆ្លៀតពេលលក់សម្លៀកបំពាក់តាមចិញ្ចើមផ្លូវដើម្បីបានប្រាក់កម្រៃយកទៅដោះបំណុល។
ជីវិតតារាស្រីរូបនេះ ធ្លាប់ជួបបញ្ហាច្រើន ដែលបញ្ហាខ្លះស្ទើរតែបញ្ចប់ជីវិតនាងមួយសារៗទៅហើយ ប៉ុន្តែនាង ក៏បានរួចជីវិតមកវិញម្តងហើយៗទៀតដើម្បីតតាំងនឹងព្រហ្មលិខិតបន្តទៀត។ យ៉ាងណាមិញ រហូតដល់ពីរឆ្នាំចុងក្រោយដែលនាងបានចាប់ផ្តើមទំនាក់ទំនងជាមួយនឹងមិត្តប្រុសរបស់នាង Bird ទើបនាងបានស្គាល់សេចក្តីសុខពិតប្រាកដ ព្រោះមិត្តប្រុសរបស់នាងម្នាក់នេះលួចស្រលាញ់នាង ៩ឆ្នាំមកហើយទម្រាំអ្នកទាំង២បានក្លាយជាគូស្នេហ៍នឹងគ្នា។
Bird ស្រលាញ់ Tangmo ខ្លាំងរហូតនាងធ្លាប់អះអាងថា លោកមិនដែលធ្វើឱ្យនាងពិបាកចិត្តសូម្បីតែម្តង។ ប៉ុន្តែព្រហ្មលិខិតពិតជាលេងសើចជាមួយមនុស្សណាស់ នៅពេលដែល Tangmo ជួបបញ្ហារហូតធ្លាប់សម្លាប់ខ្លួនបែរជាមិនស្លាប់ តែមកស្លាប់នៅពេលដែលនាងកំពុងមានសេចក្តីសុខទៅវិញ។ មិនថាយ៉ាងណា នាងក៏បានរូចផុតកម្មពៀរទៅហើយ អ្នកដែលត្រូវឈឺចាប់ខ្លាំងក្រៅពីគ្រួសារនោះ គឺមានតែ Bird នេះហើយដែលត្រូវរងទុក្ខវេទនាផ្លូវចិត្តត្បិតមនុស្សដែលខ្លួនស្រលាញ់ខ្លាំងទៅចោលលោកជារៀងរហូត។
គួររំឭកដែរថា នៅពេលដែល Tangmo ធ្លាក់ទឹកមិនទាន់រកឃើញនោះ Bird បានចេញទៅតាមរកទាំងយប់ទាំងថ្ងៃមិនសម្រាក និងទ្រហោយំស្រែកឱ្យ Tangmo ត្រលប់មកវិញទាំងក្នុងចិត្តដឹងថាគ្មានសង្ឃឹម។ ក្តីទុក្ខមួយនេះ អ្នកគាំទ្របានត្រឹមសង្ឃឹមថា លោកនឹងអាចធ្វើចិត្តបានឆាប់ៗនេះដើម្បីឱ្យ Tangmo ទៅបានស្ងប់៕
(តំណភ្ជាប់ វីដេអូ)