ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៥:០០ រសៀល នៅឃ្លាំងឱសថកណ្ដាលនៃក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួលជំនួយរបស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសអូស្រ្ដាលី ជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ហ័្វររូ ហ្វ័រយូហ្សាត តំណាងអង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជា។
សូមបញ្ជាក់ជូនថាចាប់តាំងពីការផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជា រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី បានផ្ដល់វ៉ាក់សាំង Pfizer ចំនួន ២,៣លានដូស សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩។ នៅម្សិលមិញនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាលបានទទួលជំនួយ ទូបង្កកត្រជាក់ខ្លាំង ចំនួន ៣៣គ្រឿង ទូទឹកកករក្សាវ៉ាកសាំងចំនួន ១០០គ្រឿង និងបរិក្ខារប្រព័ន្ធត្រជាក់ដទៃទៀត។
លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល ព្រមទាំង អ្នករងគ្រោះដោយកូវីដ១៩។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ត មរដ្ឋមន្រ្តីបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ថា ទោះបីជាបានចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ សូមពលរដ្ឋគ្រប់រូប ត្រូវបន្តអនុវត្តវិធីការពារខ្លួន “៣ការពារ និង៣កុំ”។ ៣ការពារ រួមមាន ពាក់ម៉ាស់ លាងដៃញឹកញាប់ជាមួយ អាល់កុល ឬជែល និងរក្សា គម្លាតសុវត្ថិភាពយ៉ាងតិច ១,៥ម៉ែត្រ ហើយសកម្មភាពគួរ ចៀសវាងទាំង៣ រួមមាន កុំទៅកន្លែងបិទជិត កន្លែងមានមនុស្ស កុះករកកកុញ និងកុំចាប់ដៃពេលជួបគ្នា។ សូមនៅផ្ទះប្រសិនបើអ្នកមានគ្រុន ក្តៅ ឬសង្ស័យថាបានឆ្លងជំងឺកូវីដ១៩ និងសូមស្វែងរកជំនួយសុខាភិបាលភ្លាមៗ៕