ហុងកុង៖ អ្នកទិញឥវ៉ាន់នៅហុងកុង បាននាំគ្នាទិញសាច់ និងអាហារស្រស់អស់ពីធ្នើរក្នុងផ្សារទំនើបនានា ចំពេលមានការភ័យខ្លាចនៃការបិទខ្ទប់ទីក្រុងនេះ ដោយសារការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩ ដែលមិនធ្លាប់មាន។
ពលរដ្ឋហុងកុងដែលទៅយឺត មិនមានទំនិញសម្រាប់ទិញទេ កាលពីថ្ងៃអង្គារ។ សាច់ និងផលិតផលស្រស់ ត្រូវបានទិញអស់ ដោយអ្នកទិញដែលស្លន់ស្លោ។ ប្រជាពលរដ្ឋម្នាក់ ដែលបានមកដល់ហាងមួយនៅម៉ោងប្រហែល ១រសៀល បានយំសោក ព្រោះគ្មានសល់អ្វីសោះ។
អ្នកស្រីជឿថា ការទិញទំនិញដែលភ័យស្លន់ស្លោ គឺកាន់តែអាក្រក់ទៅៗ។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានចែករំលែករូបថតរបស់អ្នកដើរទិញឥវ៉ាន់ជាច្រើន ដែលកំពុងរង់ចាំនៅខាងក្រៅហាង។ មិនតែប៉ុណ្ណោះ ភាពភ័យស្លន់ស្លោក្នុងការទិញទំនិញ បានរីករាលដាលដល់ហាងលក់អនឡាញផងដែរ។
អាជ្ញាធរអាហារ និងសុខភាព Sophia Chan របស់ហុងកុង កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលមិនបានសម្រេចបិទខ្ទប់ទូទាំងទីក្រុងទេ។ មានពាក្យចចាមអារ៉ាមថា ហាងឈ្មោះ ParknShop ដែលជាផ្សារទំនើបដ៏ធំបំផុតមួយរបស់ទីក្រុង នឹងបិទហាងទាំងអស់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃចន្ទក្រោយ។
នៅថ្ងៃបន្ទាប់លោកស្រី Carrie Lam មេដឹកនាំហុងកុង បានអំពាវនាវដល់សាធារណជន កុំឱ្យជឿពាក្យចចាមអារ៉ាម ដើម្បីជៀសវាងការភ័យខ្លាច។ លោកស្រី ក៏បានសង្កត់ធ្ងន់ថា ការផ្គត់ផ្គង់ស្បៀង និងទំនិញនៅតែមានលក្ខណៈធម្មតា៕