×

លោក កើត ឆែ៖ អាជ្ញាធរ​ភ្នំពេញ ទុកពេល ២ ទៅ៣ឆ្នាំ ឱ្យម្ចាស់​បែ​ចិញ្ចឹមត្រី​ប្រមាណ​ជាង ២០០បែ នៅ​ព្រំប្រទល់​ភ្នំពេញ-ខេត្តកណ្ដាល រកមុខរបរ​ថ្មី

ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ បានទុកពេល ២ទៅ៣ឆ្នាំ ឱ្យម្ចាស់បែចិញ្ចឹមត្រី ឬផ្ទះបណ្តែតទឹកនៅព្រំប្រទល់ភ្នំពេញ-ខេត្តកណ្ដាល ដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងរកការងារផ្សេងៗ ដោយមិនឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់និងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមីនា នាទីស្តីការគណ:រដ្ឋមន្ត្រី លោក កើត ឆែ បានឱ្យដឹងថា កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹក ក៏ដូចជាបែចិញ្ចឹមត្រីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរុះរើសំណង់មិនរៀបរយទាំងនោះចេញជាបន្តបន្ទាប់ ព្រោះប៉ះពាល់ដល់ផ្លូវនាវាចរណ៍ ធ្វើឱ្យចរន្តទឹកហូរគោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យទឹកខូចគុណភាព បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពក្រុងភ្នំពេញផងដែរ។

លោកអភិបាលរង បានបន្តថា រហូតមកដល់ពេលនេះ ផ្ទះបណ្តែតឬបែចិញ្ចឹមត្រីប្រមាណជាង ២០០បែប៉ុណ្ណោះ ដែលកំពុងចិញ្ចឹមត្រី ហើយអាជ្ញាធររាជធានីភ្នំពេញ ទុកពេលឱ្យពួកគាត់ក្នុងរយៈពេល ២ទៅ៣ឆ្នាំ មុននឹងសម្រេចឱ្យពួកគាត់បញ្ឈប់មុខរបរចិញ្ចឹមត្រីក្នុងទន្លេនេះទាំងស្រុង ដើម្បីសម្រួលឱ្យពួកគាត់មានពេលវេលាសមស្របក្នុងការផ្លាស់ប្ដូរមុខរបរផ្សេងៗ។

ទន្ទឹមនឹងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យប្រជាពលរដ្ឋផ្លាស់ប្ដូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មកចិញ្ចឹមត្រីតាមស្រះវិញដើម្បីបង្កើនផលត្រីឱ្យកាន់តែសម្បូរបែបបម្រើដល់ការហូបចុកឱ្យបានគ្រប់គ្រាន់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង