
ព័រទុយហ្គាល់៖ កប៉ាល់ដឹកទំនិញដែលរងការឆាបឆេះ បានដឹកជញ្ជូនរថយន្តទំនើបរាប់ពាន់គ្រឿង រួមទាំងរថយន្ត Porsches និង Lamboghini បានលិចទាំងស្រុងនៅកណ្តាលមហាសមុទ្រអាត្លង់ទិក។

យោងតាមកងទ័ពជើងទឹកព័រទុយហ្គាល់បានឱ្យដឹងថា នាវា Felicity Ace បានលិចនៅចម្ងាយប្រហែល ៤០០គីឡូម៉ែត្រ ពីកោះ Azores របស់ប្រទេសព័រទុយហ្គាល់ ត្រឹមតែ ១៣ថ្ងៃបន្ទាប់ពីភ្លើងបានឆាបឆេះនៅលើកប៉ាល់។

មិនមានការបញ្ជាក់ទេថា មានរថយន្តប៉ុន្មានគ្រឿងនៅលើកប៉ាល់នោះ ប៉ុន្តែកប៉ាល់ Felicity Ace អាចផ្ទុកយានយន្ត បានយ៉ាងហោចណាស់ ៤០០០គ្រឿង។

ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបបានបដិសេធមិនពិភាក្សាអំពីចំនួនរថយន្ត និងម៉ូដែលអ្វីខ្លះនៅលើកប៉ាល់ទេ ប៉ុន្តែអតិថិជនរបស់រថយន្ត Porsche នៅសហរដ្ឋអាមេរិក កំពុងត្រូវបានទាក់ទងដោយអ្នកចែកចាយរបស់ពួកគេ។

យោងតាមអាជ្ញាធរព័រទុយហ្គាល់បានឱ្យដឹងថា កប៉ាល់នេះ កំពុងដឹកជញ្ជូនរថយន្តអគ្គិសនី និងមិនមែនអគ្គិសនី។ តាមការសង្ស័យ ពីមូលហេតុដែលឆេះកាលពីថ្ងៃទី១៦ ខែកុម្ភៈ អាចបណ្ដាលមកពីអាគុយលីចូម ដែលប្រើប្រាស់ក្នុងរថយន្តអគ្គិសនី ទោះបីជាសមត្ថកិច្ចអះអាងថា មិនមានព័ស្តុតាងច្បាស់លាស់អំពីមូលហេតុក៏ដោយ៕