
វៀតណាម៖ ក្រុមហ៊ុនអចលនទ្រព្យ និងកម្សាន្តមួយដែលមានម្ចាស់ជាជនជាតិវៀតណាម បានបើកដំណើរការក្រុមហ៊ុន Sun Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ប្រណីតដំបូងគេ នៅក្នុងប្រទេសវៀតណាម ដោយផ្តល់នូវការគ្រប់គ្រងយន្តហោះឯកជន និងសេវាកម្មជួលយន្តហោះ និងការហោះហើរកម្សាន្ត ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ និងយន្តហោះចុះចតលើសមុទ្រ។

Sun Air កំណត់គោលដៅអតិថិជនលំដាប់ខ្ពស់ ដែលទាមទារសេវាកម្មស្តង់ដាខ្ពស់។ ពួកគេ មានគោលបំណងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ឯកជនលំដាប់ពិភពលោក ដែលប្រើប្រាស់យន្តហោះមានល្បឿនលឿនបំផុតក្នុងពិភពលោក។

លោក Dang Minh Truong ប្រធានក្រុមហ៊ុន Sun Group បាននិយាយថា ការបើកដំណើរការក្រុមហ៊ុនអាកាសចរណ៍នេះ គឺជាផ្នែកមួយនៃផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ក្រុមហ៊ុន ដោយបន្ថែមផលិតផលថ្មីទៅក្នុងប្រព័ន្ធអេកូដែលមានគុណភាពខ្ពស់ និងរួមចំណែកជំរុញកំណើននៅវៀតណាម។

Sun Air នឹងប្រើប្រាស់យន្តហោះជំនួញ Gulfstream G650ER និង Gulfstream G700។ នៅត្រីមាសទី៣នៃឆ្នាំ២០២២ ក្រុមហ៊ុន Sun Air នឹងដំណើរការយន្តហោះ Gulfstream G650ER ចំនួន ២គ្រឿង។ ក្នុងឆ្នាំ ២០២៣-២០២៥ ក្រុមហ៊ុនអាកាសចរណ៍ គ្រោងនឹងប្រើប្រាស់ Gulfstream G650ER ចំនួន ៤គ្រឿង Gulfstream G700 ១គ្រឿង ឧទ្ធម្ភាគចក្រ ១គ្រឿង និងយន្តហោះចុះចតលើសមុទ្រ ២គ្រឿង។
នៅពេលអនាគត ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងមានយន្តហោះខ្នាតធំ ដូចជា Boeing BBJ និង Airbus ACJ ។ ក្រុមហ៊ុនកំពុងធ្វើការជាមួយម៉ាកល្បីៗដូចជា Agusta, Airbus, Sikorsky, De Havilland Canada, Cessna និង Textron ដើម្បីផ្តល់នូវបទពិសោធសុវត្ថិភាព និងអស្ចារ្យដល់អតិថិជន៕