តូក្យូ៖ យោងតាមក្រុមអ្នកវិទ្យាសាស្ត្រជប៉ុន បានឱ្យដឹងថា វីរុសអូមីក្រុង គឺមានគ្រោះថ្នាក់ជាងជំងឺគ្រុនផ្តាសាយតាមរដូវកាល ដោយបានគូសបញ្ជាក់អំពីគ្រោះថ្នាក់ដោយសារការមើលស្រាលហានិភ័យសុខភាពដែលបង្កដោយវីរុសនេះ។
អត្រាមរណភាពករណីរបស់អូមីក្រុង នៅក្នុងប្រទេសជប៉ុន គិតចាប់ពីខែមករា គឺប្រហែល ០,១៣ ភាគរយ ដែលខ្ពស់ជាងជំងឺផ្ដាសាយតាមរដូវ ដែលអត្រាមរណភាព ០,០០៦ ដល់ ០,០៩ ភាគរយ។ នេះបើយោងតាមការវិភាគរបស់អ្នកវិទ្យាសាស្ត្រ ដែលបានប្រាប់ដល់រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសជប៉ុន។
ការសិក្សាបន្ថែមទៀត គឺត្រូវការជាចាំបាច់ ដើម្បីកំណត់ពីផលប៉ះពាល់នៃការបន្ធូរបន្ថយការរឹតបន្តឹងទាំងអស់។ នេះបើយោងតាមលោកវេជ្ជបណ្ឌិត Takaji Wakita ប្រធានក្រុមប្រឹក្សារបស់ក្រសួងសុខាភិបាលជប៉ុន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃពុធ ទី២ ខែមីនា។
វេជ្ជបណ្ឌិត Wakita បាននិយាយថា ការសិក្សា ដែលមិនទាន់ត្រូវបានពិនិត្យដោយអ្នកវិទ្យាសាស្ត្រក្រៅប្រទេស ឬបោះពុម្ភផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ នៅមានកម្រិត៕