×

Nicky Wu និង Liu Shuishui នឹងប្តឹង​អ្នក​ដែលបន្ត​ចែកចាយ​ពាក្យចចាមអារ៉ាម​ថា​អ្នកទាំង២​កំពុង​លែងលះគ្នា

តៃវ៉ាន់៖ ដោយសារមួយរយៈចុងក្រោយនេះ ពាក្យចចាមអារ៉ាមពីការលែងលះគ្នារវាងតារាសម្តែង Nicky Wu និង Liu Shishi ត្រូវបានសុះសាយឡើងក្រោយអ្នកគូររូបត្លុកម្នាក់ឈ្មោះ Zhang Xiaohan បានគូររូបរបស់តារាប្រុសស្រីទាំង២នេះបានចែកផ្លូវគ្នា ខណៈដែល Vlogger ២រូបទៀតបានអះអាងថា Nicky និង Shuishui កំពុងរៀបចំឯកសារលែងលះគ្នា ប្រសិនដំណើរការទៅដោយរលូន អ្នកទាំង២នឹងចេញមុខប្រកាសជាផ្លូវការនៅខែក្រោយ។

ពាក្យចចាមអារ៉ាមទាំងនេះ បានធ្វើឱ្យមានការជជែកគ្នានៅលើ Weibo ជាច្រើន។ បន្ទាប់ពីព័ត៌មាននៃពាក្យចចាមអារ៉ាមទាំងនេះ បានផ្ទុះឡើងបែបនេះ ប្តីប្រពន្ធដែលជាតារាសម្តែងទាំង២នេះបានសរសេរនៅលើ Weibo ថា៖ “វាជាជីវិតរបស់ពួកយើង ការពិតយើងមិនចង់ចេញមុខបកស្រាយអ្វីឡើយ ប៉ុន្តែវាពិតជារំខានជីវិតពួកយើងទាំង២ គ្រួសារ ក៏ដូចជាមិត្តភក្តិទាំងអស់របស់យើងជាខ្លាំង ដូចនេះសូមកុំចែកចាយព័ត៌មានមិនពិត ទំនាក់ទំនងរបស់ពួកយើងមិនមានបញ្ហាអ្វីឡើយ អរគុណដែលបានបារម្ភ”។

ក្រៅពីការបញ្ជាក់ពី Nicky និង Shuishui ហើយនោះ ខាងមេធាវីរបស់ Nicky ក៏បានផុសសាររំឭកទៅដល់ Zhang Xiaohan ឱ្យលុបរូបត្លុកទាំងនោះចោល និងធ្វើការសូមទោសតារាទាំង២ជាសាធារណៈ។ គួរបញ្ជាក់ដែរថា Nicky និង Shuishui បានសម្រេចចិត្តសាងគ្រួសាររួមគ្នាក្នុងឆ្នាំ ២០១៥ បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល ២ឆ្នាំ ហើយពេលនេះអ្នកទាំង២ក៏ទទួលបានកូនប្រុសដ៏គួរឱ្យសលាញ់ម្នាក់ជាចំណងដៃផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង