បន្ទាយស្រី៖ យោងតាមការចែករំលែកលើផេកហ្វេសបុករបស់អភិបាកស្រុកលោក ឃឹម ហ្វីណង់ បានឱ្យដឹងថា ដើមឡើយក្រុមការងារគ្រោងនឹងរៀបចំជាព្រឹត្តិការណ៍ដង្ហែរក្បួនតុក្កតាយក្សទាំងនេះនៅក្នុងភូមិព្រះដាក់នៅក្នុងថ្ងៃចុងសប្តាហ៍នេះ ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិផង ទិវាសិទ្ធិនារីអន្តរជាតិ៨មីនាផង និងបានទាក់ទាញភ្ញៀវទេសចរឱ្យមកជួបជុំគ្នាមើលលេងកម្សាន្តនៅក្នុងស្រុកបន្ទាយស្រីផងដែរ។
ប៉ុន្តែគួរឱ្យសោកស្តាយ ដោយហេតុតែស្ថានភាពមិនអំណោយផលនៃការរីករាលដាលមេរោគកូវីដនៅក្នុងសហគមន៍ ក្រុមការងារបានសម្រេចលើកកម្មវិធីនេះទៅពេលក្រោយវិញ ក៏ប៉ុន្តែនៅតែបន្តផលិតតុក្កតាយក្សនេះដដែល ដោយផ្លាស់ប្តូរទីតាំងរោងជាងផលិតពីវត្តព្រះដាក់មកកាន់ក្នុងក្រុងសៀមរាប និងដាក់តាំងបង្ហាញជាបណ្តោះអាសន្នបណ្តើរៗនៅក្នុងផ្សារហេរីថេកវ៉កវិញ។
គម្រោងតុក្កតាយក្សនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលស្រុកបន្ទាយស្រីជាមួយនឹងក្រុមការងារដើមមកពី «គម្រោងតុក្កតាយក្ស» ដែលធ្លាប់មានវត្តមានជាប្រចាំជារៀងរាល់ឆ្នាំនៅក្នុងក្រុងសៀមរាប កាលពីមិនទាន់មានការរីករាលដាលនៃជំងឺកូវីដ។ គម្រោងនេះ ក៏មានការសហការចូលរួម និងឧបត្ថម្ភគាំទ្រពីសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបន្ទាយស្រី សមាគមកាយឫទិ្ធនារីកម្ពុជា បណ្តាញសហគមន៍ទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី និងក្រុមហ៊ុនឯកជនជាច្រើនទៀតផងដែរ។
តុក្កតាយក្សទាំងនេះ គឺជារូបត្លុកទីងមោងកំប្លែងបែបសិល្បៈដែលអាចមានកាយវិការបាន ដើម្បីបង្កបរិយាកាសរីករាយដល់ការទស្សនាកម្សាន្តរបស់ភ្ញៀវទេសចរ តែក៏ត្រូវបានជ្រើសរើសយ៉ាងផ្ចិតផ្ចង់ និងមានបង្កប់អត្ថន័យខ្លឹមសារតំណាងឱ្យសិល្បៈវប្បធម៌ បរិស្ថាន អត្តសញ្ញាណនៅក្នុងស្រុកបន្ទាយស្រី និងភាពច្នៃប្រឌិតនៃការបង្កើតថ្មីផងដែរ។
អ្វីដែលពិសេសបំផុតនោះគឺ តុក្កតាយក្សទាំងអស់ត្រូវបានផលិតឡើងដោយផ្ទាល់ដៃពីសំណាក់ក្មួយៗកុមារតូចៗ ប្អូនៗយុវនារីយុវជន បុគ្គលិកនៃក្រុមហ៊ុនឧបត្ថម្ភគាំទ្រ និងមហាជនទូទៅ ក្រោមការដឹកនាំ និងត្រួតពិនិត្យរបស់ក្រុមសិល្បករជំនាញមកពីសាលាហ្វារពន្លឺសិល្បៈខេត្តបាត់ដំបង។
តុក្កតាយក្សនីមួយៗត្រូវបានផលិតឡើងពីផ្តៅ រពាក់ ឬស្សី ក្រដាស់ពណ៌ មានយន្តការអាចធ្វើចលនាបាន និងមានបង្កប់អំពូលភ្លើងបំភ្លឺនៅខាងក្នុង ព្រមទាំងមានកង់រទេះទម្រពីក្រោមសម្រាប់ការដង្ហែរក្បួនផងដែរ។ រូបតុក្កតាមានទម្រង់ខុសៗគ្នា ដូចជា៖ រូបសត្វខ្លាតំណាងឱ្យឆ្នាំខាល រូបល្ខោនខោល រូបស្រ្តីគ្រប់លក្ខណ៍នៃប្រាសាទបន្ទាយស្រី រូបសត្វខ្សឹបដែលជាសត្វជិតផុតពូជ រូបខ្លែងឯក រូបសត្វនាគ រូបអ្នកលក់នំបញ្ចុក រូបអ្នករែកទឹកត្នោត និងរូបផ្លែត្រសក់ផ្អែមជាដើម៕