×

ឆេះរោងចក្រ​នុយក្លេអ៊ែរ នៅអ៊ុយក្រែន បង្ក​ការព្រួយបារម្ភ​ពី​សារធាតុ​វិទ្យុសកម្ម

អ៊ុយក្រែន៖ រោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ត្រូវបានភ្លើងឆេះ នៅព្រឹកព្រលឹមថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២នេះ អំឡុងពេលនៃប្រតិបត្តិការយោធារបស់ទាហានរុស្ស៊ី។

លោក Andriy Tuz អ្នកនាំពាក្យរបស់រោងចក្រ Zaporizhzhia ចម្ងាយ ៥៦០គីឡូម៉ែត្រ ភាគខាងត្បូងពីរដ្ឋធានីកៀវ បាននិយាយនៅក្នុងវីដេអូមួយ ដែលបានបង្ហោះនៅលើ Telegram ថា រ៉េអាក់ទ័រមួយ ក្នុងចំណោមរ៉េអាក់ទ័រទាំង៦ នៅរោងចក្រនេះ បានឆេះ ប៉ុន្តែម៉ាស៊ីនរ៉េអាក់ទ័រនេះ មិនត្រូវបានប្រើប្រាស់ទេ។

លោកបានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា គ្រាប់ផ្លោងបានធ្លាក់ទៅលើរោងចក្រ Zaporizhzhia ប៉ុន្តែម៉ាស៊ីនរ៉េអាក់ទ័រដែលកំពុងឆេះ ស្ថិតក្រោមការជួសជុល ហើយមិនដំណើរការទេ។ ទោះយ៉ាងណាក៏ដោយ គាត់បាននិយាយថា មានឥន្ធនៈនុយក្លេអ៊ែរ នៅខាងក្នុង។ លោកនិយាយថា អ្នកពន្លត់អគ្គីភ័យមិនអាចចូលទៅជិតភ្លើងបានទេ ព្រោះពួកគេត្រូវបានគេបាញ់។

ក្នុងវីដេអូ បង្ហាញពី រថយន្តយោធាដែលកំពុងបាញ់រះលើអគារនានា នៅរោងចក្រនុយក្លេអ៊ែរ បណ្តាលឱ្យមានអណ្តាតភ្លើងឆាបឆេះ ដែលបង្កឱ្យមានការភ័យខ្លាចចំពោះគ្រោះមហន្តរាយវិទ្យុសកម្ម។

ក្រសួងថាមពលអាតូមិករបស់អ៊ុយក្រែនបាននិយាយថា រោងចក្រ Zaporizhzhia មានរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន៦ និងផលិតថាមពលស្ទើរតែមួយភាគបួននៃថាមពលផ្គត់ផ្គង់របស់ប្រទេសអ៊ុយក្រែន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង