កូរ៉េខាងត្បូង៖ ភ្លើងឆេះព្រៃនៅតំបន់ឆ្នេរភាគខាងកើត ដែលបានចាប់ផ្ដើមកាលពីថ្ងៃសុក្រ បានបំផ្លាញផ្ទះយ៉ាងតិច ៥០ ខ្នង និងបង្ខំមនុស្សរាប់ពាន់នាក់ឱ្យជម្លៀសចេញ ខណៈវាបានក្លាយជាភ្លើងឆេះព្រៃដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលមួយទសវត្សរ៍។
សេចក្ដីរាយការណ៍ក្នុងស្រុក បានឱ្យដឹងថា ភ្លើងបានចាប់ផ្តើមនៅលើផ្លូវក្បែរភ្នំមួយក្នុងតំបន់ Uljin ខេត្ត North Gyeongsang ចម្ងាយប្រហែល ៣៣០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល នៅម៉ោង ១១:១៧ ព្រឹកថ្ងៃសុក្រ ទី៤ ខែមីនា ហើយបានរាលដាលដល់តំបន់ជុំវិញកំពូលភ្នំ។
ភ្លើងបានរាលដាលទៅភាគខាងជើងដល់ទីក្រុង Samcheok ខេត្ត Gangwon នៅពេលរសៀល ដែលជំរុញដោយខ្យល់បក់ខ្លាំង និងអាកាសធាតុស្ងួត។ ឧទ្ធម្ភាគចក្រចំនួន ៣០ គ្រឿង រថយន្តពន្លត់អគ្គីភ័យចំនួន ២៣០ គ្រឿង និងអ្នកពន្លត់អគ្គីភ័យចំនួន ១១០០ នាក់ ត្រូវបានពង្រាយ។
អាជ្ញាធរបាននិយាយថា ដីព្រៃប្រហែល ៣៣០០ ហិកតា កំពុងគំរាមកំហែង។ ការខូចខាត ត្រូវបានគេប៉ាន់ប្រមាណថាប្រហែល ១៧,២ លានដុល្លារអាមេរិក ប៉ុន្តែទំនងជាកើនឡើង។
ភ្លើងបានរាលដាលដល់ទីក្រុង Samcheok អាជ្ញាធរ កំពុងការពាររោងចក្រផលិតឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់ប្រទេស ដែលមានទីតាំងនៅក្នុងទីក្រុង។
ភ្លើងបានគំរាមកំហែងដល់រោងចក្រថាមពលនុយក្លេអ៊ែរ Hanul នៅ Uljin ។ ក្រុមអ្នកពន្លត់អគ្គីភ័យបាននិយាយថា ភ្លើងបានទៅដល់របងខាងក្រៅនៃអគាររោងចក្រ ដែលមានចម្ងាយត្រឹមតែ ១១គីឡូម៉ែត្រពីប្រភពដើមនៃអគ្គីភ័យ ប៉ុន្តែត្រូវបានគ្រប់គ្រងបាននៅរសៀលថ្ងៃដដែល។
រដ្ឋាភិបាលបានប្រកាសអាសន្ន ដើម្បីចល័តកម្លាំង និងឧបករណ៍សង្គ្រោះបន្ទាន់ និង ការជម្លៀសអ្នកស្រុក។ សេចក្តី ប្រកាស បាន ចូល ជា ធរមាន គិត ត្រឹម ម៉ោង ១០ យប់ថ្ងៃដដែល៕
(ទស្សនាវីដេអូ)