ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ “មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ មានលក្ខណៈពិសេសមានផលិតអុកស៊ីហ្សែន ដើម្បីផ្គត់ផ្គង់ពេទ្យផ្សេងៗ ខណៈដែលប្រទេសខ្លះមន្ទីរពេទ្យ ខ្វះអុកស៊ីហ្សែនកំឡុងពេលកូវីដ១៩”។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងសាលាបឋមសិក្សា និងវិទ្យាល័យ តេជោសែនត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “ប្រទេសមិនច្រើននោះទេ ដែលជឿថាកម្ពុជា អាចយកឈ្នះលើជំងឺកូវីដ១៩ ព្រោះថាវិស័យសុខាភិបាលកម្ពុជា នៅទន់ខ្សោយ តែទីបំផុតកម្ពុជាក្លាយជាប្រទេសមួយទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានក្នុងចំណោមប្រទេសនានា លើពិភពលោក”។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ជាមន្ទីរពេទ្យដែលកើតឡើងដោយមានការយកចិត្តទុកដាក់ផ្ទាល់ពីប្រធានាធិបតីចិន ស៊ី ជីងពីង តែម្តង។
សម្តេចតេជោ បានបន្តថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើទឹកដីជនបទ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា ក្រោមចំណងមិត្តភាព កម្ពុជា និងចិន។
សូមជម្រាបថា មន្ទីរពេទ្យនេះមាន អគារចំនួន ៨ ខ្នង ៥ជាន់ កម្ពស់ ២៤ម៉ែត្រ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ មន្ទីរពេទ្យនេះ បានបំពាក់នូវឧបករណ៍ទំនើបៗ និងមានគ្រែសរុបចំនួន ៣០០គ្រែ រួមទាំងមានទទួលព្យាបាលជំងឺដូចជា៖ ផ្នែកជំងឺទូទៅ, ផ្នែកជំងឺកុមារ, ផ្នែកជំងឺឆ្លង, ផ្នែកពិគ្រោះជំងឺក្រៅ, ផ្នែកប្រពោធនកម្ម (ICU), ផ្នែកសង្គ្រោះបន្ទាន់, ផ្នែកវះកាត់, ផ្នែករោគស្ត្រី និងសម្រាលកូន, ផ្នែករូបភាពវេជ្ជសាស្ត្រ និងEndoscopy, ផ្នែកមន្ទីរពិសោធន៍, ឱសថស្ថាន, បន្ទប់រំងាប់មេរោគ, ផ្នែកប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ, និងផ្នែកគាំទ្រ មានដូចជា រដ្ឋបាលនិងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើត និងផ្ទុកអុកស៊ីសែន បន្ទប់សំអាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ។ល។ មន្ទីរពេទ្យបានសាងសង់មានផ្ទៃដីសរុប ៧៥.៥៧០ ម៉ែត្រការ៉េ ក្នុងនោះ អគារមន្ទីរពេទ្យ មានចំនួន ២៤.៣០០ ម៉ែត្រការ៉េ ។
មន្ទីរពេទ្យមួយនេះ នឹងជាមន្ទីរពេទ្យប្រចាំតំបន់ភូមិភាគដែលអាចជួយសម្រួលដល់ការព្យាបាលពលរដ្ឋនៅក្នុងខេត្តត្បូងឃ្ម៉ំ និងខេត្តនានានៅតំបន់នោះ៕
អត្ថបទ៖លោក ហ៊ន សុភ័ក្រ