បាងកក៖ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងបាងកក បានបង្ហោះនៅលើ Facebook ព្រមានប្រជាជនថៃ កុំឱ្យចូលរួមជាមួយយោធាអ៊ុយក្រែន។
ស្ថានទូត រុស្ស៊ីនៅបាងកក ថា ក្រោមច្បាប់អន្តរជាតិ ទាហានស៊ីឈ្នួល ដែលចូលរួមជាមួយកងកម្លាំងអ៊ុយក្រែន មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាអ្នកប្រយុទ្ធ និងគ្មានឋានៈជាអ្នកទោសសង្គ្រាមទេ។ ពួកគេ នឹងត្រូវឃុំខ្លួន និងកាត់ទោស។
ជនជាតិថៃ ដែលមានបទពិសោធខាងយោធា បានចុះឈ្មោះដើម្បីប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន ទោះបីជាវាមិនច្បាស់ថាមានចំនួនប៉ុន្មានក៏ដោយ។
ការព្រមានរបស់ស្ថានទូតរុស្ស៊ីនៅបាងកក កើតឡើងមួយសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន បានបង្ហោះការអំពាវនាវដល់ជនបរទេស ឱ្យមកអ៊ុយក្រែនដើម្បីជួយកងកម្លាំងរបស់ខ្លួន ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានយោធារបស់រុស្ស៊ី៕