
ម៉ាឡេស៊ី៖ ផ្លូវធ្វើដំណើរវ៉ាក់សាំង (Vaccinated Travel Lanes) សម្រាប់អ្នកដំណើរតាមជើងហោះហើរដែលបានទទួលវ៉ាក់សាំងបង្ការកូវីដ១៩ ថ្មី រវាងប្រទេស ម៉ាឡេស៊ី ថៃ និងកម្ពុជា គ្រោងនឹងចូលជាធរមាន ចាប់ពីថ្ងៃទី១៥ ខែមីនា ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបើកច្រកអន្តរជាតិឡើងវិញ។

រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Datuk Seri Dr Wee Ka Siong មានប្រសាសន៍ថា សម្រាប់អ្នកធ្វើដំណើរដែលប្រើប្រាស់ផ្លូវធ្វើដំណើរវ៉ាក់សាំងនេះ នឹងមិនតម្រូវឱ្យដាក់ឱ្យនៅដាច់ដោយឡែក នៅពេលពួកគេទៅដល់គោលដៅនោះទេ។

លោករដ្ឋមន្ត្រីថា៖ “ផ្លូវទាំងនេះ ត្រូវបានគេរំពឹងថា នឹងជួយដល់ការស្តារសេដ្ឋកិច្ចទៅវិញទៅមករបស់យើង ពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ជាពិសេសក្នុងការស្តារឡើងវិញនូវឧស្សាហកម្មទេសចរណ៍ដែលរងផលប៉ះពាល់។”

រដ្ឋាភិបាលអាស៊ានផ្សេងទៀត ក៏កំពុងស្វែងរកការសម្របសម្រួលផ្លូវ VTL ដែលអ្នកធ្វើដំណើរមកពីប្រទេសនីមួយៗ នឹងមិនត្រូវបានតម្រូវឱ្យដាក់ឱ្យនៅដាច់ដោយឡែកទេ។ ប៉ុន្តែការធ្វើតេស្ត PCR មុនពេលហោះហើរ និងការចាក់វ៉ាក់សាំងពេញលេញ នឹងត្រូវបានទាមទារសម្រាប់អ្នកធ្វើដំណើរ៕

