×

ស្រាយចម្ងល់​ហេតុអ្វី​ចូលដល់វ័យ ៤០ឆ្នាំ តែ​តារាសម្តែង​ស្រី Nancy Wu នៅតែ​គ្មាន​ម្ចាស់បេះដូង

ហុងកុង៖ Nancy Wu ដែលជាតារាសម្តែងស្រីហុងកុងវ័យ ៤០ឆ្នាំ ធ្លាប់បានរអ៊ូទាំងអស់សង្ឃឹមថា ជាតិនេះនាង ប្រហែលជាមិនមានគូនឹងគេឡើយ ត្បិតពេលនេះវ័យកាន់តែច្រើន រីឯមិត្តភក្តិក៏មានកូនៗអស់ហើយដែរ។

គួររំឭកថា នាងក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាប្រុសលោក Deep Ng, Kenneth Ma និង Ruco Chan ប៉ុន្តែនាង ក៏បានបញ្ជាក់ដែរថា ស្នេហាដែលនាង ធ្លាប់មានកន្លងមកមិនដែលគង់វង្សឡើយ ពោលគឺមិនមានអ្នកណាដែលទាក់ទងគ្នាបានលើសពី២ឆ្នាំឡើយ។ យ៉ាងណាមិញ មកទល់ពេលនេះ Nancy នៅតែនៅម្នាក់ឯងដដែល ដោយសូម្បីតែនាង ក៏ឆ្ងល់ខ្លួនឯងត្រង់ចំណុចនេះដែរ។

ជាក់ស្តែង Nancy ធ្លាប់បានចូលរួមក្នុងកម្មវិធីជជែកកម្សាន្តដែលមានមិត្តភក្តិរាប់អានគ្នាជាង២០ឆ្នាំ ២នាក់បានចាប់ផ្តើមនិយាយដល់រឿងទំនាក់ទំនងស្នេហា ពេលនោះមិត្តរបស់នាង គឺតារាសម្តែង Sharon បានឱ្យដឹងថា Nancy គឺជាមនុស្សម្នាក់ដែលមានមិត្តភក្តិជាបុរសៗច្រើន ប៉ុន្តែទំនាក់ទំនងរបស់ពួកគេ គឺគ្មានអ្នកណាលើសពីមិត្តឡើយ។

Sharon បានបន្ថែមថា ក្នុងចំណោមមិត្តភក្តិទាំងអស់ តារាប្រុស Alex Fong គឺជាមិត្តល្អរបស់ Nancy ជាងគេ ប៉ុន្តែនៅពេលសួរថា ហេតុអ្វីលោកមិនព្រមតាមចែចង់នាង? ពេលនោះ Alex មិនបង្អង់យូរ ក៏បានឆ្លើយតបថា ដោយសារ Nancy កាចខ្លាំងពេក។ គួរបញ្ជាក់ដែរថា មិនមែនមានតែ Alex ម្នាក់ប៉ុណ្ណោះទេដែលថា តារាស្រីវ័យ ៤០ឆ្នាំរូបនេះ កាចខ្លាំង សូម្បីមិត្តភក្តិឯទៀត ក៏អះអាងដូច Alex ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង