×

អាជ្ញាធរជាតិ​អប្សរា​ហៅ​ការយកទង់ជាតិកម្ពុជា​មកច្នៃ​ជា​សម្លៀកបំពាក់​ថា​ជាទង្វើ​មិនត្រឹមត្រូវ ប៉ះពាល់ខ្លាំង​ដល់​កិត្យានុភាពជាតិ

អត្ថបទ៖ ជា ស្រស់

សៀមរាប៖ មន្ត្រីជាន់ខ្ពស់របស់អាជ្ញាធរជាតិអប្សរា បានបញ្ចេញប្រតិកម្មចំពោះការយកទង់ជាតិកម្ពុជាមកច្នៃធ្វើជាសម្លៀកបំពាក់ថា «ជាទង្វើមិនត្រឹមត្រូវទាល់តែសោះ» ហើយនិងប៉ះពាល់ខ្លាំងដល់កិត្យានុភាពជាតិ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខប្រាសាទអង្គរវត្ត នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ អគ្គនាយករង និងជាអ្នកនាំពាក្សអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានមានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុនមួយបានដាក់ពាក្យសុំមកកាន់អាជ្ញាធរជាតិអប្សរា ដើម្បីថតចម្រៀង នៅក្នុងការអនុញ្ញាតនោះអាជ្ញាធរជាតិមិនបានដឹងថា មានការយកទង់ជាតិរបស់ខ្មែរមកគ្រងជាឯកសណ្ឋាននោះទេ។

ប៉ុន្តែបន្ទាប់ពីឃើញសកម្មភាពរបស់ក្រុមហ៊ុនមួយនេះ ខាងអាជ្ញាធរអប្សរាក៏បានតម្រូវឲ្យធ្វើការដកចេញនូវឈុតដែលមានការយកទង់ជាតិមកច្នៃជាសម្លៀកបំពាក់នេះ ខាងភាគីក្រុមហ៊ុនក៏បានកែសម្រួលរួចហើយដែរ។

«ឲ្យថាខុសក៏មិនខុសដែរ តែមិនសមរម្យ ។ មិនសមរម្យនៅត្រង់ថា ទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺជានិមិត្តសញ្ញាមួយដែលយើងទាំងអស់គ្នាជាជនជាតិខ្មែរគោរព ហើយមិនមែនត្រឹមតែយើងទាំងអស់គ្នាជាជនជាតិខ្មែរទេប៉ុន្តែទទួលស្គាល់ជាលក្ខណៈសកលលោកទូទៅ។ហើយទង់ជាតិនេះ តែងតែ ត្រូវតែបង្ហូតឡើងទៅលើ ដោយអមជាមួយនឹងភ្លេងជាតិ អមនឹងស្មរតីស្នេហាជាតិ ស្រលាញ់ទឹកដី ស្រលាញ់ជាតិមាតុភូមិ។ [អ៊ី]ចឹងការយកទង់ជាតិមករចនាជាម៉ូតសម្លៀកបំពាក់ គឺជាលក្ខណៈមិនត្រឹមត្រូវ មិនសមរម្យនោះទេ»។នេះជាសម្ដីរបស់លោក ឡុង កុសល។

លោក ឡុង កុសល បានគូសបញ្ជាក់ថា ការយកទង់ជាតិមកច្នៃជាសម្លៀកបំពាក់ បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់កិត្យានុភាពរបស់ជាតិ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង