×

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌៖ ទង់ជាតិ​គេដាក់លើអាវ គេច្នៃតូចៗ មិនយក​ទង់ជាតិ​ទាំងមូល​ធ្វើ​សម្លៀកបំពាក់ទេ

ភ្នំពេញ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកមួយ ថា ការច្នៃម៉ូតដោយយកទង់ជាតិទាំងមូលធ្វើជាសម្លៀកបំពាក់ គឺមិនមែនជារឿងដែលត្រឹមត្រូវឡើយ ប៉ុន្តែលោកស្រីថា រូបទង់ជាតិកន្លងមក គេយកដាក់នៅលើអាវ ដោយច្នៃជាតូចៗតែប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌បានបន្តថា ទង់ជាតិ អាចច្នៃជារូបតូចៗ នៅលើអាវទាំងខាងមុខ និងខាងក្រោយបាន។

ការបញ្ជាក់របស់រដ្ឋមន្ត្រីវប្បធម៌ បានធ្វើឡើង បន្ទាប់ពីមានផលិតកម្មក្នុងស្រុកមួយ បានច្នៃម៉ូតសម្លៀកបំពាក់ ដោយយកទង់ជាតិធ្វើជាសម្លៀកបំពាក់ សម្រាប់ថត MV នៅទឹកដីអង្គរ ដែលបង្កឱ្យមានការជជែកវែកញែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ។

យ៉ាងណា អាជ្ញាធរជាតិអប្សរា បានបញ្ចេញប្រតិកម្មចំពោះការយកទង់ជាតិកម្ពុជា មកច្នៃធ្វើជាសម្លៀកបំពាក់ថាជាទង្វើមិនត្រឹមត្រូវទាល់តែសោះ ហើយនិងបង្កផលប៉ះពាល់ខ្លាំងដល់កិត្យានុភាពជាតិ។ បន្ទាប់ពីឃើញសកម្មភាពនេះ អាជ្ញាធរអប្សរា ក៏បានតម្រូវឱ្យធ្វើការដកចេញនូវឈុតដែលមានការយកទង់ជាតិមកច្នៃជាសម្លៀកបំពាក់នេះ ហើយខាងភាគីក្រុមហ៊ុន ក៏បានកែសម្រួលរួចហើយដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង