
តៃវ៉ាន់៖ ចំណងអាពាហ៍ពិពាហ៍លើកទី២របស់តួឯកស្រី សាន់ឆាយ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ក្រោយទើបលែងលះជាមួយអតីតស្វាមីលោក Wang Xiaofei បាន៤ខែ Babie Hsu បានដឹកដៃអតីតមិត្តប្រុសដែលធ្លាប់រាប់អានគ្នាកាលពីជាង ២០ឆ្នាំមុន និងជាស្នេហាដំបូងរបស់នាងទៅចុះឈ្មោះរៀបអាពាហ៍ពិពាហ៍យ៉ាងឆាប់រហ័ស។

យ៉ាងណាមិញ អាពាហ៍ពិពាហ៍របស់តារាស្រី Babie Hsu គ្មានអ្នកណាបានដឹងមុនឡើយ សូម្បីតែម្តាយរបស់នាងក៏មិនដឹងរឿងដែរ។ នៅពេលអ្នកកាសែតសុំសម្ភាសន៍រឿងរៀបការរបស់ Babie ម្តាយរបស់នាងបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងខឹងសម្បាររហូតឡើងសម្ពាធឈាមទៀតផង គាត់បានបន្ថែមទៀតថា កុំថាឡើយកូនស្រីរៀបការម្តងទៀត សូម្បីតែមុខកូនប្រសារថ្មីក៏គាត់មិនទាន់បានជួបនៅឡើយ។

ម្តាយរបស់ Babie បានឱ្យដឹងទៀតថា មង្គលការជាមួយ Wang Xiaofei នាងមិនបានប្រាប់ឱ្យគាត់ដឹងឡើយ ពេលនេះនាងធ្វើបែបនេះម្តងទៀតមិនខ្វល់ពីអ្នកណាឡើយ។ សូមរំឭកថា រវាង Babie Hsu និងតារាចម្រៀងជនជាតិកូរ៉េ DJ Koo បានចាប់ផ្តើមទំនាក់ទំនងស្នេហានឹងគ្នាបានរយៈពេល១ឆ្នាំអំលុងឆ្នាំ ១៩៩៩-២០០០ ដែលនេះជាស្នេហាដំបូងរបស់អ្នកទាំង២ ប៉ុន្តែដោយសាររងសម្ពាធពីខាងក្រុមហ៊ុនខ្លាំងពេក ទើបពួកគេសម្រេចចិត្តចែកផ្លូវគ្នាតែម្តង។
ប៉ុន្តែនៅពេលឮដំណឹងថា Babie Hsu បានលែងលះជាមួយនឹង Wang Xiaofei ភ្លាម DJ Koo ក៏ប្រញាប់រកលេខទូរសព្ទនាងដើម្បីទាក់ទងគ្នាជាថ្មីម្តងទៀតដោយលោកបានបញ្ជាក់ថា លោកមិនចង់ខ្ជះខ្ជាយពេលវេលាបន្តទៀតឡើយទើបសម្រេចចិត្តសុំ Babie Hsu រៀបការតែម្តង៕
