×

រុស្ស៊ី​ព្រមាន​ថា តម្លៃប្រេងសាំង នឹង​កើនឡើងទៀត បើ​លោកខាងលិច​ហាមឃាត់​ការនាំចូល

រុស្ស៊ី៖ រដ្ឋមន្ត្រីជាន់ខ្ពស់មួយរូបរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសលោកខាងលិច អាចប្រឈមមុខនឹងតម្លៃប្រេងលើសពី ៣០០ដុល្លារក្នុងមួយបារ៉ែល និងការបិទបំពង់បង្ហូរឧស្ម័នរុស្ស៊ី-អាល្លឺម៉ង់ ប្រសិនបើរដ្ឋាភិបាលនានា ធ្វើតាមការគំរាមកំហែងកាត់បន្ថយការផ្គត់ផ្គង់ថាមពលពីប្រទេសរុស្ស៊ី។

តម្លៃប្រេង បានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៨ កាលពីថ្ងៃចន្ទ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអឺរ៉ុបកំពុងពិចារណាលើការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី។

លោកឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexander Novak បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍រដ្ឋថា៖ “វាច្បាស់ណាស់ថាការបដិសេធប្រេងរបស់រុស្ស៊ី នឹងនាំឱ្យមានមហន្តរាយសម្រាប់ទីផ្សារពិភពលោក។ ការកើនឡើងនៃតម្លៃនឹងមិនអាចទាយទុកជាមុនបានឡើយ។ វានឹងមានតម្លៃ ៣០០ ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើមិនលើសពីនេះ។ ប្រសិនបើអ្នកចង់បដិសេធការផ្គត់ផ្គង់ថាមពលពីរុស្ស៊ី សូមធ្វើចុះ។ យើងត្រៀមខ្លួនរួចជាស្រេចហើយ។ យើងដឹងពីកន្លែងដែលយើងអាចប្តូរទិសបាន”។

លោក Novak បានបន្តថា ប្រទេសរុស្ស៊ីដែលផ្គត់ផ្គង់ ៤០% នៃឧស្ម័នរបស់អឺរ៉ុប កំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងពេញលេញ ប៉ុន្តែវាជាសិទ្ធិរបស់ខ្លួនទាំងស្រុង ក្នុងការសងសឹកសហភាពអឺរ៉ុប បន្ទាប់ពីប្រទេសអាល្លឺម៉ង់ បានបង្កកអាជ្ញាបណ្ណអាជីវកម្ម បំពង់បង្ហូរឧស្ម័ន Nord Stream 2 កាលពីខែមុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង