×

Ye Ji ប្រកាស​សូមអភ័យទោស​ចំពោះ​កំហុស​ទាំងប៉ុន្មាន​ដែល​បានកើតឡើង​ឆ្នាំមុន បែរត្រូវ​ទទួល​ពាក្យរិះគន់

កូរ៉េខាងត្បូង៖ កាលពីអំឡុងខែមេសា ឆ្នាំ២០២១ កន្លងទៅ តួឯកស្រីល្បីឈ្មោះក្នុងរឿងជាច្រើន Seo Yeji បានធ្វើឱ្យបណ្តាអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ក្រោយព័ត៌មានអាស្រូវរបស់នាង ញុះញង់អតីតមិត្តប្រុសឱ្យបង្ហាញឥរិយាបថមិនសមរម្យដាក់តារាស្រី Seohyun។

រឿងអាស្រូវ បានផ្ទុះឡើងខ្លាំងរហូតមហាជននាំគ្នាដាក់កំហុសគ្រប់យ៉ាងលើ Seo Yeji ធ្វើឱ្យនាងបាត់បង់ទាំងការងារ និងកេរ្តិ៍ឈ្មោះធ្លាក់ចុះយ៉ាងគំហុក។ យ៉ាងណាមិញ បន្ទាប់ពីពេលវេលាកន្លងទៅអស់មួយរយៈតារាស្រីរូបនេះ ក៏មានខាងផលិតកម្មទាក់ទងធ្វើការជាមួយដដែល។ ទោះជាយ៉ាងណា មហាជន នៅតែខឹងសម្បារលើរូបនាងជាខ្លាំង និងរិះគន់លើផលិតកម្មដែលទាក់ទងឱ្យនាងថតខ្សែភាពយន្តថ្មីឱ្យ។

កន្លងទៅអស់រយៈពេល១០ខែមកហើយ មហាជនក្នុងស្រុក នៅតែខឹងតារាស្រីរូបនេះមិនរំសាយឡើយ ខណៈអ្នកគាំទ្រនៅបណ្តាប្រទេសដទៃ បានអភ័យទោសដល់តារាស្រីរូបនេះទាំងស្រុង។ រហូតមកដល់ពេលថ្មីៗនេះ នាងក៏បានចេញមុខសូមទោសជាសាធារណៈរាល់កំហុសឆ្គងទាំងប៉ុន្មានដោយនាងបានបញ្ជាក់ថា វាកើតឡើងដោយសារភាពមិនទាន់ចាស់ទុំរបស់នាងទើបធ្វើឱ្យមានបញ្ហាកើតឡើងបែបនេះ។

គ្រាន់តែចេញមុខសូមទោសភ្លាម មហាជននាំគ្នាចេញមករិះគន់ចំៗថា ការសូមអភ័យទោសជាសាធារណៈនេះ នាងមិនបានធ្វើវាចេញពីចិត្តឡើយ នាងគ្រាន់តែបំភ័ន្ត្រភ្នែកដើម្បីឱ្យគ្រប់គ្នារំសាយអារម្មណ៍ និងគាំទ្ររឿងភាគថ្មីរបស់នាងដែលនឹងត្រៀមចាក់ផ្សាយក្នុងខែមិថុនា ខាងមុខនេះប៉ុណ្ណោះដើម្បីឱ្យអ្វីៗដំណើរការទៅដោយរលូន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង