×

សំបុត្រ​ចូលទស្សនា​ការប្រគំតន្ត្រី​របស់ BTS ចំនួន ៤៥០០០កន្លែង​បានលក់​ខ្ទេចគ្មានសល់​ត្រឹមប៉ុន្មាន​នាទី​បន្ទាប់ពី​អាក់ខាន​អស់រយៈពេល​៣ឆ្នាំ

កូរ៉េខាងត្បូង៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីរបស់ក្រុមតារាចម្រៀងប្រុស BTS បានវិលត្រលប់មកវិញសាជាថ្មីក្រោយពីស្ងប់ស្ងាត់តាំងពីឆ្នាំ២០១៩មកដោយសារបញ្ហាការផ្ទុះឡើងនៃវីរុសកូវីដ១៩។ រហូតមកដល់ថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ម្សិលមិញនេះ ធ្វើឱ្យអ្នកគាំទ្រនាំគ្នារំភើបមិនស្ទើរ ដោយគ្រាន់តែប្រកាសពីកម្មវិធីប្រគំតន្ត្រីនេះភ្លាម សំបុត្រចំនួន ៤៥០០០កន្លែងត្រូវបានលក់ខ្ទេចគ្មានសល់ត្រឹមរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។

ជាមួយនឹងអ្នកគាំទ្រដែលទិញសំបុត្របានជោគជ័យបានបង្ហាញអារម្មណ៍រំភើបរបស់ខ្លួនជាខ្លាំងក្រោយថ្ងៃដែលពួកគេទន្ទឹងរង់ចាំបានមកដល់បែបនេះ ក្នុងនោះអ្នកគាំទ្រវ័យ ៥៣ឆ្នាំម្នាក់បាននិយាយថា គាត់បានបួងសួងរាល់ព្រឹកដើម្បីទទួលបានសំបុត្រចូលទស្សនាការប្រគំតន្ត្រីរបស់ BTS ពេលនេះទទួលបានដូចបំណងហើយ គាត់ពិតជារីករាយខ្លាំងណាស់។

ទោះជាយ៉ាងណា បម្រាមនៃការចូលទស្សនាការប្រគំតន្ត្រី BTS កាលពីម្សិលមិញនេះដែរ អ្នកទស្សនាមិនត្រូវបានអនុញ្ញាតិឱ្យក្រោកឈរឡើយ ពោលគឺត្រូវអង្គុយមួយកន្លែងរក្សាសណ្តាប់ធ្នាប់ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ប្រភេទអូមីក្រុងខណៈតួលេខបានហក់ឡើងចំនួនជាង ៣សែនករណីនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង