កោះកុង៖ កោះស្តេច ជាដែនកោះមួយធ្លាប់ជួបនូវផលពិបាកក្នុងការបញ្ចេញសំណល់សំរាមរឹង រាវ ខណៈពលរដ្ឋចោលសំរាមតែក្នុងទឹកសមុទ្រដែលជាទម្លាប់ពលរដ្ឋនៅទីនោះ។ បញ្ហានេះ នឹងលែងមានទៀតហើយ ដោយសារក្រសួងបរិស្ថាន បានផ្តល់ជាយានជំនិះដឹកជញ្ចូន និងឡដុតសំរាមទៅឱ្យអាជ្ញាធរស្រុក។
លោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ បានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ថា ក្រុមការងារបស់អាជ្ញាធរស្រុកគិរីសាគរកំពុងដំឡើងទីលានចោលសំរាម ហើយថែមទាំងរៀបចំឱ្យមានអ្នកវិនិយោគប្រមូលដឹកជញ្ចូនយកទៅទីលានសំរាមទៀតផង។ ប៉ុន្តែការងារនេះ នៅមិនទាន់អាចប្រព្រឹត្តទៅបានក្នុងពេលនេះទេ ដោយរង់ចាំក្រុមបច្ចេកទេសពីក្រសួងបរិស្ថានចុះបង្ហាត់បង្ហាញពីបច្ចេកទេសប្រើប្រាស់ជាមុនសិន ដើម្បីផ្តល់ភាពកក់ក្តៅ ជូនដល់មូលដ្ឋាន ហើយនៅលើកោះមួយនេះ នឹងជំនួសមកវិញនូវសោភណ្ឌភាពបិរិស្ថានល្អស្អាត ដ៏ទាក់ទាញខាងវិស័យទេសចរណ៍ ខណ:ឡដុតសំរាមនេះមានសមត្ថភាពដុតបានដល់ជាងមួយតោនក្នុងមួយថ្ងៃ។ សមិទ្ធិផលថ្មីមួយនេះ ជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីក្រសួងបរិស្ថាន លើការសម្របសម្រួលផ្តល់ជាឡដុតសំរាម និងមធ្យោបាយដឹកជញ្ជូនមកដល់មូលដ្ឋានឃុំកោះស្តេច។
លោកអភិបាលស្រុក បានបញ្ជាក់ថា ពេលមានឡដុតសំរាមហើយ លោកនឹងប្រជុំជាមួយដៃគូក្រុមហ៊ុនវិនិយោគ កំណត់ថ្លៃសេវាប្រមូលសំរាមតាមខ្នងផ្ទះពលរដ្ឋ ដោយឱ្យពួកគាត់ចូលរួមបង់វិភាគទានថ្លៃដឹកជញ្ចូនសំរាមទៅចោលទីលានសំរាម ដែលមានផ្ទៃដីប្រមាណ ២ពាន់ម៉ែត្រការ៉េ ព្រោះការធ្វើបែបនេះដើម្បីរក្សានិរន្តរភាពគ្រប់គ្រងសំរាមនៅលើកោះស្តេចប្រកបដោយប្រសិទ្ធភាពទៅថ្ងៃអនាគត៕
ដោយ៖ តាំង សូនី