ជ្រញ់ជាសម្ភារចាំបាច់នៅក្នុងផ្ទះបាយដែលយើងត្រូវប្រើរាល់ថ្ងៃដើម្បីកាប់សាច់ ហាន់សាច់ ឬបន្លែ ពេលរៀបចំចម្អិនអាហារ ប៉ុន្តែជ្រញ់ដែលមានអាយុកាលយូរអាចជាប្រភពចម្លងមេរោគចូលអាហារ ធ្វើឱ្យយើងមានបញ្ហាសុខភាព។ តើពេលណាយើងគួរប្តូរជ្រញ់ថ្មី?
តាមអ្នកជំនាញបានឱ្យដឹងថា យើងគួរផ្លាស់ប្តូរជ្រញ់នៅពេល៖
១. ជ្រញ់មានស្នាមឆ្កូតច្រើន
ជ្រញ់ដែលមានស្នាមឆ្កូតច្រើន ជាពិសេសស្នាមឆ្កូតដែលជ្រៅធ្វើឱ្យយើងមានការពិបាកក្នុងការលាងសម្អាតឱ្យបានស្អាតល្អ ហើយស្នាមឆ្កូតទាំងនោះអាចផ្ទុកសំណើម។ មេរោគអាចសំងំនៅក្នុងចន្លោះស្នាមឆ្កូតទាំងនោះ ហើយរីកដុះដាលអាចចម្លងមេរោគចូលអាហាររបស់យើង។
២. ជ្រញ់មានក្លិនមិនល្អ
ប្រសិនបើជ្រញ់យើងមានក្លិនមិនល្អ ទោះបីជាយើងលាងសម្អាតហើយក៏នៅតែមានក្លិន មានន័យថាជ្រញ់ផ្ទុកទៅដោយមេរោគហើយ។
៣. ជ្រញ់មានអាយុកាល ១ ឆ្នាំ
អ្នកជំនាញណែនាំឱ្យប្តូរជ្រញ់ថ្មី ១ឆ្នាំម្តង ប៉ុន្តែយើងអាចប្តូរជ្រញ់ញឹកញាប់តាមការប្រើប្រាស់តិច ឬច្រើន តាមប្រភេទជ្រញ់ តាមសភាពស្នាមឆ្កូត ក្លិន និងទ្រង់ទ្រាយរបស់ជ្រញ់។
៤. ជ្រញ់ពិបាកក្នុងការលាងសម្អាត
ពេលលាងជ្រញ់ យើងត្រូវប្រើកម្លាំងខ្លាំង និងត្រូវប្រើពេលយូរទើបអាចសម្អាតជ្រុញបាន ហើយជួនកាលមិនអាចសម្អាតស្អាតល្អទៀតដោយសារនៅសល់ស្នាមប្រឡាក់។ កត្តាទាំងនេះអាចបណ្តាលមកពីជ្រញ់មានស្នាមឆ្កូតច្រើនដែលជាកន្លែងផ្ទុកទៅដោយមេរោគ។
ការថែទាំ អាចថែរក្សាជ្រញ់ (ជ្រញ់ឈើ) ឱ្យនៅល្អបានយូរ។ យើងអាចថែទាំជ្រញ់រៀងរាល់ ២ ទៅ ៤ ខែម្តងដោយ៖
• លាងសម្អាតជ្រញ់ឱ្យបានស្អាតល្អ រួចហាលថ្ងៃឱ្យស្ងួត
• លាបទឹកខ្មេះ ឬទឹកក្រូចឆ្មារលើជ្រញ់ រោយអំបិលពីលើ ដុសជ្រញ់ឱ្យសព្វ ទុកចោល ២០ នាទី លាងសម្អាត រួចហាលថ្ងៃឱ្យស្ងួត
• ចាក់ប្រេងចម្រាញ់ពីគ្រាប់ទំពាំងបាយជូរ ឬគ្រាប់អាល់ម៉ុនពីរបីតំណក់ រួចលាបឱ្យសព្វលើជ្រញ់
ការលាងជ្រញ់បន្ទាប់ពីប្រើរួចក៏ជួយឱ្យជ្រញ់ប្រើបានយូរដែរ ដូច្នេះយើងគួរសម្អាតជ្រញ់ភ្លាម បន្ទាប់ពីប្រើរួចជាមួយសាប៊ូ និងទឹកក្តៅឧណ្ហៗ រួចហាលថ្ងៃឱ្យស្ងួតដើម្បីកម្ចាត់មេរោគ រួចដាក់ជ្រញ់បញ្ឈរនៅកន្លែងស្ងួតល្អ និងមានខ្យល់ចេញចូលដើម្បីការពារជ្រញ់ពីការឡើងសំណើមដែលធ្វើឱ្យកកើតមេរោគ៕
ប្រភព៖ Hellokrupet