កំពត៖ មានករណីគួរឱ្យតក់ស្លុតមួយបានកើតឡើង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១២ថ្ងៃត្រង់ ដោយគេឃើញម្ចាស់សុនខ ដែលមានអាខោនហ្វេសបុកឈ្មោះថា “សំអាងការ ស្រីម៉ៅមង្គល” បានឡាយវីដេអូពីទិដ្ឋភាពដ៏គួរឱ្យតក់ស្លុត និងបានស្រែកទ្រហោយំយ៉ាងខ្លាំង ខណៈដែលឃើញសត្វសុនខរបស់ខ្លួនដែលខំចិញ្ចឹម និងស្រឡាញ់ស្មើនឹងជីវិត ត្រូវបានគេវាយសម្លាប់ ហើយរៀបចំយកទៅធ្វើជាម្អូបអាហារ។ តាមរយៈការឡាយវីដេអូនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមរាប់សិបម៉ឹននាក់បានចែកចាយបន្ត និងចូលខមិនខឹងសំបារចំពោះអំពើដ៏ឃោឃៅមួយនេះ។
តាមការឱ្យដឹងពីម្ចាស់សុនខ ដែលគេបានស្គាល់ថា ជាម្ចាស់ សំអាងការ ស្រីម៉ៅមង្គល នៅក្នុងក្រុងកំពត ខេត្តកំពត បានឱ្យដឹងថា មុនកើតហេតុសត្វសុនខ(ឆ្កែ)របស់ខ្លួនបានរត់លេងជាធម្មតា តែដោយសារនៅជិតផ្ទះរបស់ខ្លួនមានការដ្ឋានសំណង់ ហើយរបងមានចន្លោះប្រហោងទើបសុនខរបស់ខ្លួនបានរត់ចូលទៅក្នុងការដ្ឋាននោះ។ នៅពេលដែលបានដឹងថា សុនខរបស់បានបាត់ពីផ្ទះ ហើយខ្លួនរវល់នឹងការងារផងនោះ ខ្លួនក៏បានទូរសព្ទប្រាប់ម្តាយតែម្តាយជាប់រវល់លក់ដូរ ហើយក៏មិនបានតាមរក។ លុះដល់ម៉ោង១២ថ្ងៃត្រង់ ម្ចាស់សុនខចប់ពីការងារក៏បានតាមរកសុនខរបស់ខ្លួន រហូតមកដល់ជិតកន្លែងកើតហេតុ (កន្លែងប្រទះឃើញ) ក៏មានប្រជាពលរដ្ឋប្រាប់ថា សុនខរបស់ខ្លួនត្រូវគេវាយសម្លាប់បាត់ទៅហើយ។ ឭដូចនេះខ្លួន(ម្ចាស់សុនខ) ក៏បានបន្តទៅកន្លែងដែលគេប្រាប់ ហើយក៏ប្រទះឃើញសុនខរបស់ខ្លួនត្រូវគេសម្លាប់ពិតប្រាកដមែន។
ក្នុងហេតុការណ៍នោះ ក៏មានមនុស្សជាច្រើនដែលជាកម្មករសំណង់នៅក្នុងការដ្ឋាន តែម្ចាស់សុនខស្វែងរកមុខអ្នកវាយសម្លាប់មិនឃើញ ហើយបានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដើម្បីជួយរកយុត្តិធម៌សម្រាប់សុនខរបស់ខ្លួន ដែលត្រូវបានគេសម្លាប់។ ក្រោយពីមានកិច្ចអន្តរាគមន៍ ក៏ដូចជាការចុះទៅពិនិត្យដល់ទីកន្លែងកើតហេតុរួចមក សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៩នាក់ ដើម្បីសាកសួរ និងស្វែងរកជនដៃដល់ដែលបានសម្លាប់សត្វសុនខនោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា យោងតាមច្បាប់ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ថា ការដើរទាក់លក់-ទិញ និងពិឃាតសត្វអាណាធិបតេយ្យ គ្មានច្បាប់ទម្លាប់ ផ្ទុយនឹងខ្លឹមសារនៃច្បាប់ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ ដែលនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ តាមមាត្រា១១២, ១១៣, ១១៥ នៃច្បាប់នេះ។
ក្នុងករណីដដែលនេះ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ យោងតាមការសរសេរក្នុងបណ្តាញសង្គមរបស់ម្ចាស់សត្វសុនខដែលត្រូវបានគេសម្លាប់នោះ បានបង្ហាញពីអារម្មណ៍ថា “ខ្ញុំមិនចង់បានអ្វីពីអ្នក គឺចង់ឱ្យអ្នកឯងមកក្រាបសុំទោសកូនខ្ញុំ(ឆ្កែ)នៅនឹងផ្នូរ។
ទោះយ៉ាងនេះក៏ដោយ លោក ម៉ៅ ច័ន្ទធមិរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងយ៉ាងខ្លីថា បច្ចុប្បន្នសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យចំនួន ៩នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ៕
អត្ថបទ៖ វង្ស សុធារម្យ