×

ប្រទេសចិន បិទខ្ទប់​ទីក្រុង​សិនជិន មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សំខាន់ ចំពេល​មាន​ការកើនឡើង​កូវីដ

ចិន៖ រដ្ឋាភិបាលរបស់ប្រទេសចិន បានដាក់ចេញនូវវិធានការបិទខ្ទប់ បន្ទាប់ពីការកើនឡើងនៃការឆ្លងកូវីដ១៩ នៅទីក្រុងសិនជិន ដែលជាទីក្រុងដែលមានប្រជាជនចំនួន ១៧,៥ លាននាក់។

មនុស្សគ្រប់រូប នៅទីក្រុងសិនជិន ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងបច្ចេកវិទ្យាដ៏សំខាន់ នឹងឆ្លងកាត់ការធ្វើតេស្តចំនួន ៣ដង បន្ទាប់ពីករណីថ្មីចំនួន ៦០នាក់ ត្រូវបានរាយការណ៍កាលពីម្សិលមិញ។ អាជីវកម្មទាំងអស់ លើកលែងតែក្រុមហ៊ុនផ្គត់ផ្គង់អាហារ ប្រេងឥន្ធនៈ និងតម្រូវការចាំបាច់ផ្សេងទៀត ត្រូវបានបញ្ជាឱ្យបិទ ឬធ្វើការពីផ្ទះ។

ចំនួនករណីឆ្លងចុងក្រោយបង្អស់របស់ប្រទេសចិនមានកម្រិតទាប បើធៀបនឹងប្រទេសផ្សេងទៀត និងជាមួយហុងកុង ដែលបានរាយការណ៍ជាង ៣២.០០០ ករណី កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។

អាជ្ញាធរចិនដីគោកកំពុងអនុវត្តយុទ្ធសាស្ត្រ “គ្មានការអត់ឱន”។ ទីក្រុងសិនជិន គឺជាមជ្ឈមណ្ឌលរបស់ក្រុមហ៊ុនល្បីៗមួយចំនួនរបស់ប្រទេសចិន រួមទាំងក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ Huawei Technologies ម៉ាករថយន្តអគ្គិសនី BYD Auto និង Tencent ដែលជាប្រតិបត្តិករ WeChat ដ៏ពេញនិយម។

នៅចិនដីគោក រដ្ឋាភិបាលបានរាយការណ៍ករណីថ្មីចំនួន ១៩៣៨ ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

ប្រទេសចិន បានរាយការណ៍ថាមានអ្នកស្លាប់សរុបចំនួន ៤.៦៣៦នាក់ដោយសារកូវីដ១៩ ក្នុងចំណោមករណីដែលបានបញ្ជាក់ចំនួន ១១៥.៤៦៦ករណី ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង