ទីភ្នាក់ងារទំនាក់ទំនង Roskomnadzor របស់រុស្ស៊ី បានប្រកាសថា ខ្លួននឹងហាមឃាត់កម្មវិធី Instagram នៅក្នុងប្រទេស ចាប់ពីថ្ងៃនេះតទៅ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ទីភ្នាក់ងារនេះ។
ជនជាតិរុស្សី នឹងលែងបានលេងកម្មវិធី Instagram បន្តទៅទៀត ខណៈពេលដែលអ្នកសរសេរប្លុក និងអាជីវកម្មខ្នាតតូចដែលពឹងផ្អែកខ្លាំងលើវេទិកានេះ បានព្យាយាមទាក់ទាញ Followers របស់ពួកគេ តាមវិធីសាស្ត្រផ្សេងទៀតតាមអ៊ីនធឺណិត។
ទីក្រុងមូស្គូ បានប្រកាសក្នុងសប្តាហ៍នេះថា ការចូលទៅកាន់បណ្តាញសង្គម Instagram នឹងត្រូវបិទ ដោយចោទប្រកាន់ក្រុមហ៊ុនមេរបស់ Instagram ពោលគឺ Meta ថាបានបិទភ្នែកមើលការអំពាវនាវឱ្យមានអំពើហិង្សាលើប្រជាជនរុស្ស៊ី។ ការប្រកាសនេះ ធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីរុស្ស៊ីបាន បិទការចូលប្រើប្រាស់កម្មវិធី Facebook។
នៅក្នុងការប្រកាសលាគ្នាមួយ តារាទូរទស្សន៍ Olga Buzova ដែលមានអ្នក Follow ច្រើនជាងគេទីពីរ នៅក្នុងប្រទេសរុស្ស៊ី ( ២៣លាននាក់) បានបង្ហាញពីភាពស្រងាកចិត្ត និងអស់ជំនឿ។
ចំណាត់ការនេះ កើតឡើងជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងយូរអង្វែងរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដើម្បីគ្រប់គ្រងការប្រើប្រាស់អ៊ីនធឺណិត៕