ជំងឺទឹកនោមផ្អែម ប្រភេទ ២ ជាជំងឺរ៉ាំរ៉ៃ មិនអាចព្យាបាលឱ្យជាសះស្បើយនោះទេ ប៉ុន្ដែមានវិធីជួយឱ្យសុខភាពល្អប្រសើរ ដូចជាញ៉ាំឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណ រក្សាទម្ងន់ និងលេបថ្នាំ។ ប៉ុន្ដែថ្នាំខ្លាញ់ត្រី ត្រូវរកឃើញថា គ្មានប្រសិទ្ធភាពចំពោះជំងឺទឹកនោមផ្អែមនោះទេហើយវាក៏មិនផ្ដល់ឲ្យមានផលប៉ះពាល់អ្វីដែរ។
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ East Anglia របស់អង់គ្លេស បញ្ជាក់ថា អ្នកជំងឺទឹកនោមផ្អែម មិនគួរលេបថ្នាំបំប៉នខ្លាញ់ត្រី (Omega-3 fish oil supplement) ទេ ព្រោះវាគ្មានប្រសិទ្ធភាព ឬមានឥទ្ធិពលតិចតួចប៉ុណ្ណោះ ចំពោះរោគសញ្ញាជំងឺទឹកនោមផ្អែម ឬមេតាប៉ូលិសគ្លុយកូស។ ក្រៅពីគ្មានប្រសិទ្ធភាពហើយ ថ្នាំខ្លាញ់ត្រីនេះ អាចបង្កគ្រោះថ្នាក់ដល់អ្នកជំងឺទឹកនោមផ្អែមទៀត ដោយធ្វើឱ្យការគ្រប់គ្រងជាតិស្ករគ្លុយកូស កាន់តែពិបាក។
វេជ្ជបណ្ឌិត Lee Hooper អ្នកដឹកនាំការស្រាវជ្រាវ បញ្ជាក់ថា អ្នកជំងឺទឹកនោមផ្អែម ពិតជាត្រូវចំណាយច្រើនណាស់ លើថ្នាំព្យាបាល។ “បើសិននរណា កើតជំងឺទឹកនោមផ្អែម យកល្អ គួរចំណាយលុយ លើការហាត់ប្រាណ ឬបរិភោគត្រីសម្បូរខ្លាញ់វិញ ជាជាងចំណាយទៅលើថ្នាំបំប៉នខ្លាញ់ត្រី“។ ជាមួយគ្នានេះ អង្គការជំងឺទឹកនោមផ្អែមរបស់អង់គ្លេស (Diabetes UK) បញ្ជាក់ថា ជំនួសឱ្យការលេបថ្នាំខ្លាញ់ត្រី អ្នកជំងឺទឹកនោមផ្អែម គួរញ៉ាំត្រីសម្បូរខ្លាញ់ (Omega-3) ពីរដងក្នុងមួយសប្ដាហ៍វិញប្រសើរជាង។
គួរបញ្ជាក់ថា អ្នកជំងឺទឹកនោមផ្អែម ប្រមាណ ៩០% កើតជំងឺទឹកនោមផ្អែម ប្រភេទ ២ ដោយលំពែង ពុំអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ ឬកោសិការាងកាយ ពុំមានប្រតិកម្មជាមួយអាំងស៊ុយលីន។ អ្នកលើសទម្ងន់ ឬកើតជំងឺធាត់ ប្រឈមខ្ពស់នឹងការកើតជំងឺទឹកនោមផ្អែមនេះ៕
ប្រភព៖ Hellokrupet