×

អង្គការ​អន្តរជាតិ អំនាវនាវ​ឱ្យចូលរួម​យុទ្ធនាការ​បញ្ចប់​ការជួញដូរ​សាច់ឆ្កែ​ទាំងស្រុង​នៅ​កម្ពុជា

ភ្នំពេញ៖ អង្គការ FOUR PAWS បានបង្កើតយុទ្ធនាការបញ្ឈប់ការជួញដូរសាច់ឆ្កែទាំងស្រុង នៅក្នុងប្រទេសកម្ពុជា ដោយការចុះហត្ថលេខាញត្តិរបស់ពួកគេ តាមប្រព័ន្ធអ៊ីនធឺណិត។

អង្គការ FOUR PAWS បានបង្ហាញការសោកស្ដាយ ចំពោះករណីមួយដែលបានកើតឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដោយសត្វចិញ្ចឹមដែលជាទីស្រលាញ់របស់បុរសម្នាក់ ត្រូវបានគេលួចរួចសម្លាប់ដោយឈាមត្រជាក់បំផុត។

អង្គការ FOUR PAWS បានឱ្យដឹងថា៖ “យើងគ្មានពាក្យអ្វីដែលអាចរៀបរាប់ពីអារម្មណ៍នៃការបាត់បង់មួយនេះបានទេ ហើយក្នុងនាមពួកយើងជាសហគមន៍អ្នកស្រឡាញ់សត្វចិញ្ចឹម ពួកយើងអាចបានត្រឹមតែចូលរួមរំលែកទុក្ខគាត់ និងបួងសួងសុំឱ្យសត្វចិញ្ចឹមរបស់គាត់បានទៅដល់ឋានសុគតិភពតែប៉ុណ្ណោះ។ ពួកយើង មិន អាចដឹងពីទំហំនៃទុក្ខសោករបស់ម្ចាស់នៃសត្វចិញ្ចឹមរូបនោះ នៅពេលដែលគាត់ឃើញសត្វជាទីស្រលាញ់របស់គាត់ត្រូវបានគេកាប់ជាដុំៗដាក់ក្នុងកញ្ច្រែងបានឡើយ។រឿងដែលរឹតតែអាក្រក់ទៅទៀតគឺជនដែលសម្លាប់សត្វឆ្កែរបស់គាត់ក៏មានវត្តមាននៅទីនោះដែរ ប៉ុន្តែគេបែរជាធ្វើមិនដឹង ដូចជាគ្មានរឿងអ្វីកើតឡើងទាល់តែសោះ។”

អង្គការ FOUR PAWS បន្តថា៖ “ដើម្បីសម្រេចបាននូវការបញ្ឈប់ការជួញដូរសាច់ឆ្កែទាំងស្រុងនៅកម្ពុជា ហើយដើម្បីកុំឱ្យរឿងដ៏សែនសោកសៅបែបនេះកើតមានទៀត ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែប្រឹងប្រែងរួមគ្នាឱ្យកាន់តែខ្លាំងក្លាជាងមុន និងត្រូវតែរួមគ្នាធ្វើសកម្មភាព មិនថាជាសកម្មភាពតូច ឬធំឡើយ។ សម្រាប់ពេលនេះ សូមចូលរួមជាមួយពួកយើងដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ ទាំងស្រុងនៅក្នុងប្រទេសកម្ពុជាដោយការចុះហត្ថលេខានិងការចែករំលែកញត្តិរបស់ពួកយើងតាមរយៈតំណលីងនេះ៖ http://bit.ly/MI_EndDCMT_KH_CPC57”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង