
ហុងកុង៖ ខណៈពេលដែលសិល្បករហុងកុងជាច្រើន ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់ ពាក្យចចាមអារ៉ាមបានលេចឡើងថា ក្រុមហ៊ុន TVB នឹងត្រូវផ្អាករាល់សកម្មភាពការងារជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី២០ ខែមីនា។

ប៉ុន្តែថ្មីៗនេះ ព័ត៌មានបានចុះផ្សាយថា ក្រុមហ៊ុន TVB បានចេញមកច្រានចោលពាក្យចចាមអារ៉ាមមួយនេះដោយបញ្ជាក់ថា ក្រុមហ៊ុនមិនមានការផ្អាកការងារ ឬពន្យារពេលថតភាពយន្តថ្មីអ្វីឡើយ គ្រប់យ៉ាងនៅដំណើរការធម្មតា។
ដោយសារការពន្យារពេលផលិតមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ចំណូលក្រុមហ៊ុនប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យមានភាពយឺតយ៉ាវប៉ះពាល់ដល់សង្វាត់ផលិតកម្មទៀតផង។ ដូចនេះ ការងារនៅដំណើរការធម្មតា ប៉ុន្តែបុគ្គលិកទាំងអស់ត្រូវតេស្តរកវីរុសកូវីដ១៩ឱ្យបាន ៧២ម៉ោងមុនពេលចូលក្រុមហ៊ុន។
សម្រាប់សិល្បករដែលកំពុងថតខ្សែភាពយន្តវិញ គ្រប់គ្នាមិនត្រូវបានអនុញ្ញាតិឱ្យចាកចេញពីក្រុមហ៊ុនរយៈពេល៣សប្តាហ៍ ដូចនេះកន្លែងគេង ម្ហូបអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗជាការរ៉ាប់រងពីខាងក្រុមហ៊ុន។
ទោះជាយ៉ាងណា តាមការឱ្យដឹងពីនាយកគ្រប់គ្រងទំនាក់ទំនងសាជីវកម្ម Wong Tak Wai បានបដិសេដថា ក្រុមហ៊ុនមិនបានចាត់វិធានការខ្លាំងបែបនេះដើម្បីថតខ្សែភាពយន្តនោះទេ។ ពេលនេះមានតែផ្នែករដ្ឋបាលប៉ុណ្ណោះដែលនៅធ្វើការ និងមិនមានគម្រោងថតកម្មវិធីណាមួយក្រោមស្ថានភាពក្នុងពេលបច្ចុប្បន្នឡើយ៕
