ថៃ៖ DJ Push និងភរិយាត្រូវបានរងពាក្យរិះគន់យ៉ាងចាស់ដៃចំពោះការអវត្តមានដែលអ្នកទាំង២មិនបានចូលរួមពិធីបុណ្យសពតារាសម្តែងស្រី Tangmo ខណៈសិល្បករជាច្រើនបាននាំគ្នាចូលរួមយ៉ាងច្រើនកុះករ។
ទាក់ទងនឹងចម្ងល់មួយនេះដែរ Jooy បានថ្លែងប្រាប់មូលហេតុដែលមិនបានចូលរួមពិធីបុណ្យសព Tangmo ដោយនាងបាននិយាយថា ដោយសារនាង និង Tangmo មិនដែលបានរួមការងារនឹងគ្នា ពាក្យសម្តីមួយឃ្លានេះ បានធ្វើឱ្យមហាជនខឹងសម្បារជាខ្លាំងដោយពួកគេបាននិយាយថា បើទោះជាមិនដែលបានរួមការងារនឹងគ្នាក៏ដោយ យ៉ាងណាក៏ធ្លាប់រួមផលិតកម្មជាមួយគ្នា និងស្ថិតក្នុងវិស័យសិល្បៈដូចគ្នាដែរ។
ចំណែកឯ DJ Push វិញត្រូវបានមហាជនរិះគន់ថា លោកធ្លាប់សម្តែងជាតួអង្គស្វាមីរបស់ Tangmo ក្នុងរឿង បេះដូងប្រែកាយ ប៉ុន្តែលោកបែរគ្មានវត្តមានក្នុងពិធី និងគ្មានសូម្បីផុសចែករំលែកទុក្ខចំពោះ Tangmo ទៀតផង។ បញ្ហានេះបានធ្វើឱ្យផ្ទុះការរិះគន់មិនសំចៃមាត់លើប្តីប្រពន្ធមួយគូនេះជាខ្លាំង បែបនេះហើយអ្នកទាំង២ក៏បានចេញមុខបកស្រាយមូលហេតុច្បាស់លាស់ម្តងទៀតតាមរយៈការ Lived នៅគណនី IG ថា៖
ដោយសារពេលនេះ Jooy កំពុងថែទាំសុខភាពដើម្បីយកកូន ព្រោះនាងមានសុខភាពខ្សោយ ដូចនេះគ្រូពេទ្យមិនអនុញ្ញាតិឱ្យទៅណាផ្តេសផ្តាសឡើយ ម៉្យាងទៀតដោយសារពិធីបុណ្យសពមានមនុស្សច្រើន ដូចនេះនាង និងស្វាមីរិតតែត្រូវប្រយ័ត្នឱ្យបានខ្ពស់ចៀសវាងការឆ្លងនៃវីរុសកូវីដ១៩ជាយថាហេតុ។
សូមរំឭកថា ករណីគ្រោះថ្នាក់រហូតបាត់បង់ជីវិតរបស់ Tangmo បានធ្វើឱ្យកក្រើកប្រទេសរហូតសូម្បីនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ក៏បានលូកដៃចូលរឿងក្តីមួយនេះឱ្យធ្វើការស៊ើបអង្កេតឱ្យបានម៉ដ្ឋចត់ ដោយសារមានចំនុចមិនប្រក្រតីច្រើនផងដែរ៕